គងជ័យអាស៊ាន មិត្តភាពកម្ពុជា-ថៃ បានដំឡើងនៅវត្តឧណ្ណាលោម រង់ចាំប្រារព្ធពិធីអភិសេកថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះក

ភ្នំពេញៈ ពិតជាអស្ចារ្យ ដោយគងជ័យយក្ស ឬគងជ័យអាស៊ាន មិត្តភាព កម្ពុជា-ថៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ព្រះសង្ឃថៃថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា បានមកដល់កម្ពុជា និងបានធ្វើពិធីក្រុងពាលី ដើម្បីដំឡើងរួចរាល់ហើយ រង់ចាំដល់ថ្ងៃប្រារព្ធ​ពិធីរៀបចំ អភិសេធ ជាផ្លូវការតាមទំនៀមទំលាប់ប្រពៃណីខ្មែរនាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។

ពិធីក្រុងពាលីដំឡើងគងជ័យ អាស៊ាននេះ បានធ្វើឡើងក្រោមព្រះរាជាធិបតី សម្តេចព្រះអគ្គ​មហា​សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង មានការចូលរួមពីលោកស្រីឧកញ៉ា សៀង ចាន់ហេង រួមទាំងលោកតា លោកយាយជាពុទ្ធ​បរិស័ទមួយចំនួនផងដែរ។

លោក សក្តិ ចាន់បូទុំ ដែលជាអ្នកនាំគងជ័យដ៏ធំនេះ មកតម្លើង បានប្រាប់ឱ្យដឹងថា គងជ័យ​នេះ ត្រូវបានប្រសិទ្ធនាមថា ជាគងជ័យអាស៊ាន មិត្តភាព កម្ពុជា ថៃ មានទំងន់២៥០០គីឡូ​ក្រាម មានមុខកាត់៧ម៉ែត្រ និងតម្លើងលើទីតាំងដែលមានកំពស់សរសរ៩ម៉ែត្រ នៅក្នុងបរិវេណមុខវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ សរសរសម្រាប់តម្កល់គងជ័យនេះ បានទទួលការឧបត្ថម្ភទាំងស្រុង ពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍។

នៅក្នុងពិធីតម្លើងគងជ័យអាស៊ានមិត្តភាព កម្ពុជា-ថៃ នាល្ងាចថ្ងៃទី១១ខែ មិថុនានេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានព្រះបន្ទូលឱ្យដឹងថា គងនេះ តំណាងឱ្យប្រទេសជាសមាជិក   អាស៊ាន នៅលើនោះ ដើម្បីបង្ហាញពីសាមគ្គីភាព ការរួមរួមគ្នា ការពារនូវសុខសន្តិភាព នៅក្នុងតំបន់ និងពិភពលោក ការពារជាតិ សាសនា នៅតាមប្រទេសរៀងៗខ្លួន ។

សម្តេចព្រះអគ្គមហាសង្ឃរាជ បានមានព្រះបន្ទូលទៀតថា  តាមប្រពៃណីពីបូរាណគងជ័យ គឺជាអ្នកនាំមុខក្នុងការធ្វើសឹកសង្គ្រាម នឹងជាអ្នកនាំមកនូវជ័យមង្គល ផ្តល់ក្តីសុខសាន្តដល់​ប្រជាពលរដ្ឋ ពិសេសគឺដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនប្រជាជននិងប្រទេស​ជាតិ និង អភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា និងព្រះមហាក្សត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *