មនុស្ស១៣នាក់ស្លាប់ ខណៈទូកដឹកអ្នកដំណើរ១គ្រឿងលិចនៅដែនកោះ Sulawesi ឥណ្ឌូនេស៊ី

មន្រ្តីបានថ្លែងថា យ៉ាងហោចណាស់មនុស្ស១៣ នាក់បានស្លាប់ នៅពេលដែលទូកដឹកអ្នកដំណើរមួយគ្រឿងបានលិច ។ អ្នកទាំងនេះបាននាំគ្នាទៅចូលរួមប្រារព្ធពិធីបុណ្យ Eid នៅលើដីកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ (មិថុនា 13) ។

លោក Amiruddin ប្រធានភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា អ្នកនៅរស់រានមានជីវិត២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែមនុស្សច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួន មិនទាន់រកឃើញ ។

ទូកឈើបែបប្រពៃណីរបស់ឥណ្ឌូនេស៊ី ជូរ៉ូរ៉ូ បានចេញដំណើរពីកំពង់ផែភាគខាងលិចរដ្ឋធានី Makassar ខេត្ត Sulawesi នៅពេលរសៀល ដោយដឹកអ្នកធ្វើដំណើររយៈខ្លីមួយទៅកាន់កោះរមណីយដ្ឋាន Barrang Lompo មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងឆ្នេរសមុទ្រនេះ ។

លោក Amiruddin បានថ្លែងថា “ទូកនេះត្រូវបានបោកបក់ដោយរលកដ៏ធំមួយ កំឡុងពេលអាកាសធាតុមិនអំណោយផលនោះ ក៏បណ្តាលឲ្យក្រឡាប់តែម្តង” ។

អ្នកដំណើរតាមទូកដែលក្រឡាប់នេះ មានជាជនជាតិដើមភាគតិច Barrang Lompo ដែលធ្វើការនៅ Makassar ហើយពួកគេកំពុងធ្វើដំណើរតាមទូកដែលជួបគ្រោះថ្នាក់នេះ ដើម្បីទៅកាន់ផ្ទះសម្បែងរបស់ពួកគេដើម្បីចូលរួមថ្ងៃបុណ្យអ៊ីស្លាម Eid al-Fitr ជាមួយក្រុមគ្រួសាររបស់ពួកគេ ។

មេបញ្ជាការតំបន់ Makassar លោក Aris Bachtiar បានថ្លែងថា ទូកនេះបានផ្ទុកលើសទម្ងន់ ។ លោកថា “យើងកំពុងស៊ើបអង្កេត” អ្នកបើកបរទូកនេះត្រូវបានឃុំខ្លួន ។

មន្ត្រីបានបញ្ជាក់ឲ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីជិត៣២លាននាក់ នៅក្នុងសប្ដាហ៍នេះបានត្រៀមដំណើររៀបចំខ្លួនចូលរួមប្រារព្ធពិធីបុណ្យ Eid ដែលជាពិធីបុណ្យធ្វើឡើងជារៀងរាល់ឆ្នាំ ។

នេះជាគ្រោះថ្នាក់ចុងក្រោយបំផុតនៃការធ្វើដំណើរតាមផ្លូវទឹកនៅឥណ្ឌូណេស៊ី ។ ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើទូក ឬកប៉ាល់ ជាយន្តជំនិះដឹកភ្ញៀវទៅមកប្រចាំថ្ងៃ តាមដែនកោះប្រមាណ 17000 ហើយដែលមិនសូវមានសុវត្ថិភាព ។

កាលពីពេលថ្មីៗកន្លងមកនេះ មនុស្ស៩ នាក់បានស្លាប់ បន្ទាប់ពីទូកដឹកអ្នកដំណើរបានក្រឡាប់ពេលធ្វើដំណើរពីទីក្រុង Tarakan ទៅកាន់Tanjung Selor នៅដែនកោះ Borneo ៕

Leave a Reply

Your email address will not be published. Required fields are marked *