ត្រីផ្សោតឈ្មោល១ក្បាល មានទម្ងន់៩២ គីឡូក្រាមងាប់ដោយ ជាប់មង

ខេត្តក្រចេះ៖ ត្រី​ផ្សោតឈ្មោលមួយក្បាល ដែលមានទម្ងន់ជិត១០០គីឡូក្រាម បានងាប់ ក្រោយពីជាប់មងរបស់អ្នកនេសាទ ហើយ​ត្រូវបានប្រជាពលរដ្ឋប្រទះឃើ​ញនៅខាងលើ​អន្លង់ផ្សោត ចម្ងាយ​ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីល្ងាច ថ្ងៃ ពុធ ១៥ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

លោក ម៉ក ពន្លក នាយរងខណ្ឌជលផល និងជាប្រធានឆ្មាំទន្លេ បានឲ្យដឹងថា ត្រី​ផ្សោតឈ្មោលដែលងាប់​នេះ បណ្ដាលមកពីជាប់មងរបស់ប្រជានេសាទ ហើយវាមានទម្ងន់​៩២គីឡូក្រាម ប្រវែងជិត២ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ទៅឆ្មាំទន្លេ ហើយក្រុមឆ្មាំទន្លេបានចុះទៅយកមករក្សាទុកនៅស្នាក់ការអង្គការ WWF។

លោក ម៉ក ពន្លក បន្តថា មងគឺជាអាវុធប្រល័យផ្សោត ព្រោះផ្សោត១ក្បាលនេះងាប់​ដោយសារជាប់មង។ លោកថា ត្រីផ្សោតក្នុងរយៈពេលពី១០ទៅ១៥នាទី ត្រូវងើបមកដកដង្ហើមម្ដង តែផ្សោតឈ្មោលមួយក្បាលនេះ ត្រូវជាប់មងធ្វើឲ្យវាងើបដកដង្ហើមមិនរួច ទើបស្លាប់។ កន្លងមកលោកតែងតែដឹកនាំកម្លាំង​ចុះបង្ក្រាបយកមងអ្នកនេសាទទៅដុតចោលច្រើនលើកដែរ តែពួកគាត់នៅមិនរាងចាល។

លោក ម៉ក ពន្លក ក៏បាន​អំពាវនាវដល់ពលរដ្ឋកុំឲ្យប្រើឧបករណ៍នេសាទដូចជាមង និងឧបករណ៍ឆក់ត្រី ក្នុងតំបន់ហាមឃាត់ ជាពិសេសនៅក្បែរអន្លង់ផ្សោត ដ៏កម្រនៅចំណុច ខាងលើនេះតែម្តង ព្រោះ មងអាចសម្លាប់សត្វផ្សោតបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *