ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់និងបាក់ដីនៅជប៉ុន កើនឡើងដល់២០០នាក់ហើយ គិតត្រឹមថ្ងៃទី១៣ ខែកក្កដានេះ។
ស្របពេលចំនួនមនុស្សស្លាប់អាចនឹងបន្ដកើនឡើង ក្រុមជួយសង្គ្រោះក៏កំពុងស្វែងរកមនុស្សបាត់ខ្លួនផងដែរ។
ការវាយប្រហារដោយជំនន់ទឹកភ្លៀងនិងបង្កជាការបាក់ដីផងនោះ ជាគ្រោះធម្មជាតិអាក្រក់បំផុតមិនធ្លាប់មាននៅជប៉ុន ក្នុងរយៈពេលជាង៣ទសវត្សកន្លងមក។
នាយករដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្ស៊ូ អាបេ បានធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះធ្ងន់ធ្ងរកាលពីថ្ងៃពុធ ហើយនៅថ្ងៃសុក្រលោកនឹងបន្ដទៅពិនិត្យមើលតំបន់រងគ្រោះផ្សេងេទៀត។
លោកបានលុបចោលទស្សនកិច្ចទៅក្រៅប្រទេសចំនួនបួន ដោយសារតែស្ថានភាពក្នុងស្រុកកាន់តែធ្ងន់ធ្ងរ។
លោកថាការស្វែងរកមនុស្សបាត់ខ្លួនហាក់សង្ឃឹមកាន់តែតិច ទោះបីពេលនេះភ្លៀងរាំងហើយទឹកជំនន់បានស្រកបន្ដិចក្ដី។
ប៉ុន្ដែលោកសន្យានឹងបញ្ជាឲ្យក្រុមជួយសង្គ្រោះបន្ដប្រតិបត្ដិការ ដើម្បីជួយប្រជាជនរងគ្រោះ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះឲ្យចាកចេញពីលំនៅដ្ឋាន និងកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។
រដ្ឋាភិបាលជប៉ុនបានប្ដេជ្ញានឹងផ្ដល់ជំនួយ ដើម្បីជួយឲ្យប្រជាជនទាំងអស់អាចត្រឡប់ទៅផ្ទះពួកគេវិញ៕






