ទូកវែងជាងគេ ជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ

ព្រៃវែង៖ ពិតជាជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ប្រជាជនរបស់កម្ពុជា​ដែលទូក «ង» វែងជាងគេផលិតដោយកូនខ្មែរ មានប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិនិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។ដោយឡែកក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «​ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបាន​បំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»

ទូក «ង» របស់កម្ពុជាដែ​លបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

ទូកនេះត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ៕ អូន  ធួក

Leave a Reply

Your email address will not be published. Required fields are marked *