សម្តេចតេជោ  អញ្ជើញត្រឡប់មកកម្ពុជាវិញហើយ ព្រឹកនេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន»។ តាមរយៈប្រធានបទនេះ ប្រទេសសមាជិកអាស៊ានទាំងអស់ បានជជែកពិភាក្សាគ្នាផ្តោតជាសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនៃភាពរឹងមាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងតំបន់នេះផងដែរ។

បើទោះបីសហគមន៍អាស៊ានត្រូវបានវាយតម្លៃមានសាមគ្គីភាពល្អ និងមានការគោរពតម្លៃ និងផលប្រយោជន៍របស់ប្រទេសជាសមាជិកយ៉ាងណាក្តី តែបញ្ហាប្រឈមមួយចំនួនចំពោះសាមគ្គីភាពរបស់អាស៊ានក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាន លោក លី ស៊ានឡុង នាយរដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ាន បានគូសរំលេចនូវបញ្ហាគួរឲ្យកត់សម្គាល់ជាច្រើន។

ក្រៅពីការបង្ហាញនូវវឌ្ឍនភាពរបស់អាស៊ាន ភាពខ្លាំងរបស់អាស៊ាន លោក លី ស៊ានឡុង បានលើកឡើងនូវក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន កំពុងធ្វើឲ្យប្រទេសជាសមាជិកអាស៊ានមានទិសដៅផ្សេងៗគ្នា ដើម្បីទាញយកប្រយោជន៍រៀងៗខ្លួន។

បើទោះបីមានការព្រួយបារម្ភចំពោះការបែកបាក់សាមគ្គីភាពរបស់អាស៊ានព្រោះឥទ្ធិពលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចយ៉ាងណាក្តី តែលោកនាយករដ្ឋមន្ត្រីសិង្ហបុរី នៅតែបង្ហាញក្តីរំពឹងថា ប្រទេសសមាជិកអាស៊ានទាំងអស់ នៅតែបន្តរួបរួមគ្នា ដើម្បីសម្រេចបាននូវជោគវាសនារួម។

នៅចំពោះមុខដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ នាយករដ្ឋមន្ត្រីសិង្ហបុរី បានបង្ហាញការជឿជាក់ថា អាស៊ាននឹងនៅតែមានភាពខ្លាំងក្លា ប្រសិនបើមិនបែកបាក់គ្នាទេនោះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «ដោយការរួបរួមគ្នា​នៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់មានគោលជំហរយ៉ាងរឹងមាំនៅលើពិភពលោក។ តាមរយៈអាស៊ាន យើងមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា ជាមួយនឹងការរៀបចំកិច្ចប្រជុំអាស៊ានដូចជាអាស៊ានបូកបី និង EAS ជាដើម» ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *