នៅតាមច្រកទ្វារអន្ដរជាតិទាំងអស់ ត្រូវតែមានឥរិយាបថល្អចំពោះភ្ញៀវទេសចរ

0
144

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៩ សណន របស់ក្រសួងមហាផ្ទៃស្តីពី ការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅតាមច្រកទ្វារអន្ដរជាតិ គឺជាអ្នកជួបភ្ញៀវបរទេសមុនគេ ដូច្នេះឥរិយាបថជារឿងសំខាន់ ដែលត្រូវធ្វើឲ្យបានល្អ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ទៀតថា មន្ដ្រីនគរបាលទាំងអស់ ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ជៀសវាងការស្លៀកពាក់មិនគ្រប់លក្ខណៈស្ដង់ដារដែលបានកំណត់ ជាហេតុធ្វើឲ្យមហាជន ឬក៏ភ្ញៀវបរទេសវាយតម្លៃមិនល្អ សម្រាប់មន្ដ្រីនគរបាលអន្ដោប្រវេសន៍របស់កម្ពុជា ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។

អគ្គនាយករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីនគរបាលនៅតាមច្រកទ្វារទាំងអស់ ត្រូវយកចិត្តទុកដាក់លើឯកសណ្ឋាន និងឥរិយាបថបំពេញការងារ របស់យើង។ តាមពិតបងប្អូនល្អច្រើន ប៉ុន្ដែក៏មានមួយចំនួនមានឥរិយាបថឆេវឆាវ ដែលនេះជារឿងមិនល្អទេ សម្រាប់កិត្តិយសខ្លួនយើង និងកិត្តិយសរបស់ជាតិយើង»

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍ទាំងអស់ ត្រូវផ្ដល់សេវាដោយស្នាមញញឹម និងយកចិត្តទុកដាក់ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here