គម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម សម្រេចការងារសាងសង់ជាស្ថាពរ

0
130

ខេត្តកំពង់ចាមៈ  លោក​ ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្ម​ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អមដំណើរដោយលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យគម្រោងកែលម្អ​សួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់ស្រឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ។

មន្រ្តីសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើងដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាពក្រុង ឲ្យស្រស់បំព្រង ជាពិសេស ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ដើរលំហែកាយ ហាត់ប្រាណ និងអង្គុយកម្សាន្តជាដើម ។ ជាមួយនោះ អាជ្ញាធរ ក៏បានដាំផ្កា ស្មៅ ដើមឈើ និងក្រាលការ៉ូឡា ព្រមទាំងបំពាក់នូវភ្លើងលម្អ​ ដើម្បីងាយស្រួល និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត នៅក្រុងកំពង់ចាមផងដែរ។

តាមប្រភពពីមន្ត្រីជំនាញប្លង់ ឲ្យដឹងថា គម្រោងនេះ មានប្រវែង២៣២ម៉ែត្រ ទទឹង៥៥ម៉ែត្រ និង២៣ម៉ែត្រ។ មកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ។

នាឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងខាងលើ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើទៅដល់ក្រុមហ៊ុនទទួលការគម្រោង កែសម្រួលនូវចំណុចមួយចំនួន ដូចអ្វីដែលបានព្រមព្រៀង នៅក្នុងកិច្ចសន្យា ។ ជាមួយនោះ លោក​អភិបាលខេត្ត ក៏បានស្នើសុំលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនាឲ្យជួយកសាងបន្ថែមនូវចំណុចដែលសេសសល់ ផ្នែកចំហៀងក្បែរអតីតកំពង់ស្រឡាងចាស់ បន្តទៀត ដើម្បី យើងត្រៀមនឹងដាក់សម្ពោធឲ្យប្រើប្រាស់ នាពេលខាងមុខឆាប់ៗនេះ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here