សាលាឧទ្ធរណ៍សម្រេចជាថ្មីដល់ស្រ្តីជាប់ពន្ធនាគារ១៦៦ឆ្នាំឲ្យរួចផុតបទចោទ៨សំណុំរឿង មកនៅត្រឹមជាប់ពន្ធនាគារ១៩ឆ្នាំ

0
114

ភ្នំពេញ៖ បើតាមការប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩​នេះថា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាជាថ្មី ឱ្យស្រ្តីឈ្មោះ ពេជ្រ សូណែត ដែលត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគារ១៦៦ឆ្នាំ ដែលទោសនេះជាប់ពន្ធនាគារយូរឆ្នាំជាងគេនៅប្រទេសកម្ពុជា ដើម្បីរួចផុតបទចោទចំនួន៨សំណុំរឿង។ ការរួចផុតបទចោទ៨រឿងនេះ បានធ្វើឱ្យស្រ្តីខាងលើនៅសល់ទោសតែ ២សំណុំរឿងប៉ុណ្ណោះ ដែលត្រូវអនុវត្តទោសចំនួន១៩ឆ្នាំ ក្នុងពន្ធនាគារ ។

ការឈានដល់ការប្រកាសសាលដីការរបស់សាលាឧទ្ធរណ៍ជាថ្មីនេះ បានធ្វើឡើង ក្រោមកិច្ចខិត ខំប្រឹងប្រែងរបស់ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារក្តីជូនពិរុទ្ធជន ឈ្មោះ ពេជ្រ សូណែត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា  «ក្នុងចំណោម៨ សំណុំរឿងនោះ មាន១សំណុំរឿងបានប្តូរបទចោទមកបទល្មើសមិនបរិហារ ពីបទល្មើស ផ្ដន្ទាទោសចំនួន១ឆ្នាំហើយចំណែកឯសំណុំរឿង១ទៀត ត្រូវបានសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសចំនួន១៨ឆ្នាំ។ ដូច្នេះសរុបទោសដែលពិរុទ្ធជន ពេជ្រ សូណែត ជាប់តាមការសម្រេចរបស់សាលាឧទ្ធរណ៍មាន ២សំណុំរឿងដែលមានទោស សរុបចំនួន១៩ឆ្នាំ»ប៉ុណ្ណោះ។

ស្រ្តីឈ្មោះ ពេជ្រ សូណែត កាលពីអំឡុងឆ្នាំ២០១៧ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារសរុប១៦៦ឆ្នាំ លើ៩សំណុំរឿង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា (ប្លន់ម៉ូតូ) និងដោយសារមានមរណភាពនៃជនរងគ្រោះ ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ពិរុទ្ធជនរូបនេះប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមទាំង៩ខាងលើ នៅក្នុងអំឡុងឆ្នាំ២០១៧នេះដែរ។ បើគិតមកដល់ថ្ងៃបើកសវនាការនៅសាលាឧទ្ធរណ៍ កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ ពេជ្រ សូណែត ត្រូវបានឃុំខ្លួនចំនួន៣ឆ្នាំ ៧ខែ និង២២ថ្ងៃ (ថ្ងៃឃុំខ្លួន១៦ ខែធ្នូ ឆ្នាំ២០១៥)។ អំឡុងពេលជាប់ពន្ធនាគារនេះ ស្រ្តីខាងលើ ក៏បានសម្រាលកូន ហើយបន្តជាប់ឃុំទាំងម្តាយទាំងកូន ក្នុងពន្ធនាគារតែម្តង។

ក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការទំនាក់ទំនង
ជាមួយអង្គការដៃគូផ្សេងៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលយកកូន ប្រុសអាយុ៣ឆ្នាំរបស់ស្ត្រីជាប់ឃុំ ពេជ្រ សូណែត ទៅចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងរស់នៅក្នុងបរិយាកាសដែលប្រសើរ។ ជាលទ្ធផល ក្រោមការសម្របសម្រួលពី គណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធ កុមារាដែលជាកូនរបស់ស្ត្រីជាប់ឃុំ ត្រូវបានប្រគល់ជូនទៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងខិតខំធ្វើការងារបន្ថែមទៀតជាមួយពិរុទ្ធជន ពេជ្រ សូណែត ក្នុងការបន្តនីតិវិធីដាក់ពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ជូនជនជាប់ឃុំ ដោយក្រុមមេធាវីយល់ឃើញថា ឈ្មោះពេជ្រ សូណែត មិនមានជាប់ពាក់ព័ន្ធជាមួយនឹងអំពើប្លន់ម៉ូតូ និងសម្លាប់ជនរងគ្រោះនោះទេ ហើយពិរុទ្ធជន ពេជ្រ សូណែត ក៏បានបដិសេធនូវការសម្រេចរបស់សាលាឧទ្ធរណ៍ផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហការ និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចអន្តរាគមន៍ផ្នែក មនុស្សធម៌ និងជំនួយផ្នែកច្បាប់ រួមមាន ក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ ក្នុងកិច្ចដំណើរការពន្លឿននីតិវិធីនៃសំណុំរឿង ព្រមទាំងអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានទទួលចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ ដល់កុមារាដែលជាកូនរបស់ស្ត្រីជាប់ឃុំផងដែរនោះ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here