ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចកែសម្រួលអាយុសម្រាប់បេក្ខជន ដែលត្រូវប្រឡងចូលក្របខណ្ឌមន្រ្តីរាជការតាមបណ្តាក្រសួងនានា ដោយសម្រេចលើកលែងលក្ខខណ្ឌអាយុសម្រាប់ សិស្ស និស្សិតប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាលដោយមិនកំណត់អាយុ តែសិស្ស និស្សិត ដែលប្រឡងចូលក្រសួងដទៃទៀត ត្រូវបានបង្កើនអាយុច្រើនជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ការកែសម្រួលលក្ខខណ្ឌអាយុ នៃការប្រឡងចូលមន្រ្តីរាជការនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការកំណត់អាយុតឹងតែងក្នុងការប្រឡងចូលក្របខណ្ឌមន្រ្តីរាជការ ធ្វើឲ្យបាត់បង់ធនធានមនុស្ស។
សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះ «កន្លងមកបញ្ហាអាយុប្រឡងយកក្របខណ្ឌរដ្ឋពិសេសក្របខណ្ឌផ្នែកសុខាភិបាល គឺពិតជាធ្វើឲ្យលំបាកដល់សិស្សនិស្សិតផង និងដល់ការរកធនធានមនុស្សបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ តាមរយៈការកំណត់អាយុដ៏តឹងតែងនេះ យើងបាត់បង់ធនធានមនុស្សក្នុងពេល ដែលធនធានមនុស្សដែលយើងមានបែរជាអត់ការងារធ្វើ»។
សម្តេចតេជោ បន្តថា «បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីមុខងារសាធារណៈ ថ្ងៃនេះខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យលើកលែងអាយុសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៣០ផ្នែក ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់វិស័យសុខាភិបាល និងមន្ត្រីសុខាភិបាល។ ក្រៅពីវិស័យសុខាភិបាលការប្រឡងចូលក្របខណ្ឌផ្សេងទៀត ក៏ត្រូវបានបន្ធូរបន្ថយអាយុសម្រាប់សិស្ស និស្សិត និងលើកលែងការកំណត់អាយុសម្រាប់មន្ត្រីរាជការ ដែលប្រឡងចូលបម្រើការងារក្នុងប្រភេទក្របខណ្ឌផ្សេង»។