មានសត្វស្លាបបោចហើយលក់តាមទីផ្សារ សមត្ថកិច្ចចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ

0
117

ខេត្តបន្ទាយ​មាន​ជ័យ ៖  ខណៈដែលនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងសម្បូរសត្វ ស្លាបរាប់ម៉ឺនក្បាលរស់នៅគួរឲ្យគយគន់ និងជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរផងនោះ គេឃើញនៅតាមទីផ្សារមួយចំនួនរបស់ខេត្តទាំងនេះ នៅមានលក់សត្វស្លាបបោចហើយ ដែលនេះធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរដែនដី ។

ក្តីបារម្ភនេះធ្វើឲ្យមន្ត្រី​ចម្រុះខេត្តបន្ទាយមានជ័យ បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋមួយចំនួនឲ្យ​បញ្ឈប់​លក់​សត្វ​ស្លាប បើ​ឃើញ​លើក​ក្រោយ និង​ចាត់ការ​តាម​ច្បាប់។

ការចុះផ្សព្វផ្សាយ​ឲ្យ​បញ្ឈប់​លក់​សត្វ​ស្លាប របស់សមត្ថកិច្ចចម្រុះនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ អង្គារ ១៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ ។

នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​ លោក ជា ផ​ល្លី  បាន​ប្រាប់​ថា មន្ត្រី​ចម្រុះចុះផ្សព្វផ្សាយនេះ​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច បាន​ចុះ​ពិនិត្យ​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​លក់​សត្វ​ស្លាប​ល្មើសច្បាប់នៅតាមទីផ្សារ  ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​នៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ​ឃើញមាន​សត្វ​ស្លាប​ដែល​ស្លាប់​ហើយ​បោចរោម​ដាក់​លក់​ក្នុង​ផ្សារ​មាន​ដូច​ជា សត្វ​ស្លាប​ប្រភេទ​សត្វ កុក ទោម ត្លុំ ច​ង្រៀ​ល​ខ្យង ក្អែកទឹក តា​រ៉ៅ ។ក្រោយ​ពេល​ឃើញ​អាជីវករ និង​ប្រជាពលរដ្ឋ​លក់​សត្វ​ស្លាប​ដែល​ងាប់​ហើយ បោចរោម​ធ្វើ​ដាក់​លក់បែបនេះ ​មន្ត្រី​ចម្រុះ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​បរបាញ់​សម្លាប់សត្វ​លក់​បន្ត​ទៀត បើ​ឃើញ​នៅ​តែកើតមានតទៅទៀត ពេល​ក្រោយ នឹង​មាន​វិធានការ​តាម​ច្បាប់ ។

លោក ជា ផ​ល្លី បាន​បញ្ជាក់​ទៀតថា មន្ត្រី​ជំនាញ និង​ពិនិត្យ​តាម​ផ្សារ និង​កន្លែង​ដែល​សង្ស័យ​បើ​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​ជនសង្ស័យ​ណាមួយ​បរបាញ់​សត្វ​ស្លាប​មក​លក់​ល្មើស និង​ច្បាប់​បើ​រក​ឃើញ និង​ចាត់ការ​តាម​ច្បាប់ ។ លោកបាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការ​បរបាញ់​សត្វ​បន្ត​ទៀត ត្រូវ​ចូលរួម​ថែរក្សា​សត្វ​ទាំងអស់ ដើម្បី​អភិរក្ស​ដូច​ហ្វូង​សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល ដែល​កំពុង​ស្នាក់​នៅ​ចម្ការមួយ​កន្លែង​នៅ​ខាងជើង​ភ្នំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទៅ​មើល​រាល់​ល្ងាច នៅ​ពេល​ហ្វូង​សត្វ​ស្លាប​ហើរចូល​ទ្រនំ​គួរ​ឲ្យ​គយគន់នោះ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here