លោកខៀវ កាញារីទ្ធ ទទួលស្គាល់វិទ្យុABC ជួយសង្គម តែមិនគាំទ្រពិធីករ ពិធីការិនីជេរបញ្ចោរមហាជន


ភ្នំពេញ​៖ ប៉ុន្មានថ្ងៃមកនេះមហាជនជាច្រើនបានចាប់អារម្មណ៍និងមិនសប្បាយចិត្តចំពោះទង្វើ អសិលធម៌របស់ពិធីករ ពិធីការិនីវិទ្យុ ABC កម្ពុជាក្នុងកម្មវិធី ABC​ 3​ ស្ព្រីង​​  របស់ស្ថានីយ៍ទូរ​ទស្សន៍ ប៉ុស្តិ៍លេខ៣ ដែលសម្តែងអាកប្បកិរិយា និងសម្តីសម្តៅមិនសមរម្យដាក់ទស្សនិកជន រហូតធ្វើឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានមានប្រតិកម្ម និងបង្គាប់ឲ្យម្ចាស់​ស្ថា​នីយ៍ទូរទស្សន៍មួយនេះបញ្ឈប់ផ្អាកការផ្សាយកម្មវិធីនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺចំណាត់ការរបស់ក្រសួងព័ត៌មានទៅលើបញ្ហានេះ ត្រូវបានពិធីករ ពិធីការិនី វិទ្យុ ABC ​ មួយចំនួនម៉ាក់ងាយស្ថាប័នក្រសួងព័ត៌មាន ជាពិសេសលោករដ្ឋមន្រី្តខៀវ កាញារីទ្ធ តែម្តង។

ថ្លែងនៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មានជាង ៣៤០នាក់ ​នៅ​ទីស្តីការ​ក្រសួង​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២៥​ ខែ​មករា​​ ឆ្នាំ​២០១៧​នេះ​ លោករដ្ឋមន្ត្រី​ ខៀវ​ កាញារីទ្ធ​​ បាន​បញ្ជាក់ថា​ក្រុម​អ្នកសារព័ត៌មាន​ថា​ វិទ្យុ​ ABC ​កម្ពុជា​ គឺជា​វិទ្យុ​ដែល​បាន​ជួយ​ការងារ​សង្គម​ច្រើន​ណាស់​​ហើយ​ត្រូវ​បាន​ចាត់​ទុក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​និង​ជា​ប្រភព​ព័ត៌មាន។ប៉ុន្តែ​ថ្មី​ៗ​នេះ​វិទ្យុ​​​បាន​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​​ខ្លះ​​នៅ​ពេល​ដំបូង ដែល​ចំណុច​អាច​ចាត់​ទុក​ជា​កំហុស​ធម្មតា ​តែ​អ្វី​ដែល​ជា​កំហុស​ធ្ងន់ធ្ងរ​នោះ​ គឺ​នៅ​ពេល​ដែល​មាន​​ការ​រិះ​គន់​ហើយ​​ ក្នុង​នាម​ជា​ពិធី​ករ​ ពិធី​ការិនី​បែប​ជា​ជេរ​បញ្ជោរ​​ឬ​ប្រើប្រាស់​អសីលធម៌​ទៅ​មហាជន​វិញ​ ដែល​ជា​នេះ​ជា​កំហុស​វិជ្ជាជីវៈ​ដែល​មិន​អាច​លើកលែង​បានឡើយ ​។

​លោករដ្ឋមន្រ្តីបាន​បញ្ជាក់​ទៀតថា ប្រសិន​ជា​មាន​ការ​សម្របសម្រួល​កម្មវិធី ABC​ 3​ ស្ព្រីង​​ អាច​នឹង​ឲ្យ​ដំណើរការ​ឡើង​វិញ​បាន ប៉ុន្តែ​ពិធី​ករ​ ពិធី​ការិនី​ដែល​បាន​ជេរ​មហាជន​គឺ​មិន​អនុញ្ញាត​ឲ្យមាន​មុខ​ ឬ​សំឡេង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​ ព្រោះ​បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ហើយ​​ ប៉ុន្តែ​បើ​ពីរ​បី​ឆ្នាំ​ក្រោយ​មក​មាន​ការ​កែ​ខ្លួន ប្រហែល​ជា​អាច​យក​មក​ពិចារណាបន្តទៀត ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *