សង្ឃឹមថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ កម្ពុជាធ្វើល្អជាងនេះ

0
104

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្នេហាវិស័យកីឡា ជាពិសេសមានការចាប់អារម្មណ៍យ៉ាងអនេក ក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់ ក្នុងចំណោមកីឡាច្រើនប្រភេទ សម្រាប់កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន សូមសរសើរដោយស្មោះគ្រប់កីឡាករ កីឡាការិនីទាំងអស់ដែល ដណ្តើមបានមេដាយជូនជាតិមាតុភូមិ។
ជាមួយនេះអ្វីដែលខ្ញុំមិនសរសើរមិនបានគឺការប្រកួតរបស់ក្រុមជម្រើសជាតិ U22 កម្ពុជា ដែលបានប្រកួតតាំងពីវគ្គជម្រុះ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខ្ញុំសូមសរសើរដោយស្មោះចំពោះក្រុមកីឡាករគោព្រៃកម្ពុជា ដែលខិតខំយកអស់កម្លាំងចិត្ត កម្លាំងកាយប្រកួតយ៉ាងស្រួចស្រាល់បើទោះបីមានភាពអវិជ្ជមានខ្លះក៏ដោយ ។
តាំងពីវគ្គជម្រុះរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តដែលក្រុម U22កម្ពុជា ប្រកួតជាមួយក្រុម U22 មីយ៉ាន់ម៉ាដើម្បីដណ្តើមយកមេដាយសំរឹទ្ធចុងក្រោយនេះ កម្ពុជាពិតជាធ្វើបានល្អមែនទែន ខណៈដែលមានគ្រាប់បាល់ កម្ពុជា១-២ មីយ៉ាន់ម៉ាហើយអ្វីដែលខ្ញុំរំភើបត្រេកអរហើបគូទផុតពីកៅអីនោះគឺគ្រាប់បាល់ហ្វ្រីឃីត១គ្រាប់ដ៏អស្ចារ្យនិងនឹកស្មានមិនដល់របស់កីឡាករ កែវ សុខផេង ទាត់បញ្ចូលទី មីយ៉ាន់ម៉ាតាមបច្ចេកទេធ្វើឲ្យកម្ពុជាមានគ្រាប់បាល់ ២ ស្មើ ២ នឹងមីយ៉ាន់ម៉ា ។
ខ្ញុំគិតថា ថ្វីបើកម្ពុជាទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងគ្រាប់ទី៥ របស់កីឡាករ កែវ សុខ ផេង មិនបានលទ្ធដើម្បីទទួលបានមេដាយសំរឹទ្ធក៏ដោយ តែនេះជាភាពអស្ចារ្យមួយដែលពីមុនមកការប្រកួតបែបនេះកម្ពុជាមិនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តដូចពេលនេះទេ ។ វាជាមោទនភាពជាតិណាស់ដែលវិស័យកីឡាបាល់ទាត់កម្ពុជាយើង មានការរីកចម្រើន និងមានមុខមាត់ក្នុងឆាកអន្តរជាតិ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ។
ខ្ញុំគិតថា បើគ្មានការរកបានគ្រាប់បាល់ហ្វ្រីឃីតដ៏អស្ចារ្យ ដើម្បីតាមស្មើក្រុម U22 មីយ៉ាន់ម៉ា របស់កីឡាករ កែវ សុខផេង ទេ ក៏គ្មានការឈានដល់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងវគ្គដណ្ដើមមេដាយសំរឹទ្ធនេះដែរ ។ ដូច្នេះខ្ញុំ សូសំណូមពរដល់អ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ទាំងអស់ កុំដាក់សម្ពាត ឬដាក់កំហុសដល់ កីឡាករ កែវ សុខផេងឲ្យសោះ ត្រូវយល់ថាតើអ្នកណាចង់ឲ្យចាញ់? តើកីឡាករណា មិនចង់បានមេដាយជូនជាតិ? តើកីឡាករបាល់ទាត់ពិភពលោកល្បីៗឯណាដែលថាមិនធ្លាប់ភ្លាត់ស្នៀត ? សូមគិតថាបើសិនយើងអត់អាចទាត់ចូល ៣គ្រាប់ពេលលេងក្នុងពូល ប្រហែលក៏យើងគ្មានវាសនាដល់វគ្គនេះដែរ។
ពលរដ្ឋខ្មែរទាំងអស់គួរតែលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជាយើងគ្រប់ប្រភេទ ជាពិសេសប្រភេទកីឡាបាល់ទាត់តែម្តង ដោយមិនគួរបន្ទុះបង្អាប់ឬលើកឡើងនូវទស្សនៈឆ្វេងនិយមមិនសមរម្យ ធ្វើឲ្យក្រុមកីឡាករបាក់ទឹកចិត្តនោះឡើយ ព្រោះធម្មតាកីឡាតែងមានចាញ់ឈ្នះអ៊ីចឹង ហើយ ។
យ៉ាងណាខ្ញុំសង្ឃឹមថា ថ្ងៃនេះកីឡាករកម្ពុជាធ្វើបានល្អប៉ុននឹង តែនៅឆ្នាំក្រោយៗទៀត កម្ពុជានឹងធ្វើល្អជាងនេះដែលអាចប្រកួតប្រជែងកាន់តែខ្លាំងថែមទៀតបើសិនកីឡាករម្នាក់ៗ រក្សាការខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តពីថ្លើមជាបន្តទៀត ។ សង្ឃឹមថា សមត្ថភាពកីឡារបស់កម្ពុជា នឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ជាបន្តទៀត៕ ប្រជាពលរដ្ឋស្នេហាវិស័យកីឡាបាល់ទាត់ម្នាក់

LEAVE A REPLY

Please enter your comment!
Please enter your name here