សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាននិងអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលខុទ្ទការល័យសម្តេចតេជោហ៊ុនសែនសុំអន្តរាគមន៍រកយុត្តិធម៌

0
110

ភ្នំពេញ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងកាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩បានដាក់លិខិតសុំអន្តរាគមន៍ចូលខុទ្ទការល័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យសម្តេចជួយរកយុត្តិធម៌ពាក់ព័ន្ធករណីមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះអនុវត្តច្បាប់ខុសនីតិវិធីក្លាយជាការយាយីដល់អាជីវករដែលរកស៊ីស្របច្បាប់។

យោងតាមលិខិតសុំអន្តរាគមន៍ចុះថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងបានជម្រាបជូនសម្តេចតេជោហ៊ុនសែនថាកាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩លោកស្រីហ៊ីមសុភ័ក្រ្កមុខរបរពាណិជ្ជករលក់គ្រឿងសម្អាងបានដាក់ពាក្យស្នើសុំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ចពិនិត្យនិងចាត់វិធានការចំពោះលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿនប្រធាននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងមានគ្នាជិត២០នាក់ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ៣៥៩៦ឃ១ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ក្នុងសំណុំរឿងទណ្ឌលេខៈ៥៣៤០ចុះថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ដើម្បីយកសម្ភារតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោកអ៊ុចសម្បត្តិពីក្នុងផ្ទះរបស់លោកស្រីហ៊ីមសុភ័ក្រ្កអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ០៥ផ្លូវធំភ្លោះសង្កាត់ទទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញដោយគ្មានការជូនដំណឹងជាផ្លូវការណាមួយដល់ម្ចាស់ផ្ទះនិងមិនមានការចូលរួមពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញនិងមន្ត្រីអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនោះទេ។

លិខិតដដែលនេះបញ្ជាក់ថាកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩កន្លងទៅលោកឧត្ដមសេនីយ៍ទោឡុងស្រេងបានដឹកនាំកម្លាំងចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ៣៥៩៦ឃ១ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញនៅទីតាំងផ្ទះលេខៈ០១ផ្លូវQ០៦(បុរីប៉េងហួត) សង្កាត់ទទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញម្ដងរួចហើយនៅក្នុងការអនុវត្តនោះលោកឧត្ដមសេនីយ៍ទោឡុងស្រេងបានសម្រេចផ្ញើសម្ភារដែលតុលាការរឹបអូសក្រោយការអនុវត្តផ្ញើនៅនឹងឈ្មោះអ៊ុចសម្បត្តិដើម្បីជួយរក្សាទុកជាបណ្ដោះអាសន្នក្រោមហេតុផលថាសមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារទាំងនោះដូចមានក្នុងកំណត់ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩(ពុំបានកំណត់ទីតាំងរក្សាទុក)

ក្រោយមកលោកអ៊ុចសម្បត្តិបានយកសម្ភារដែលតុលាការរឹបអូសខាងលើទៅផ្ញើបន្តនៅនឹងផ្ទះរបស់លោកស្រីហ៊ីមសុភ័ក្ដ្រជាបណ្ដោះអាសន្នដើម្បីរងចាំលោកឧត្តមសេនីយ៍ទោឡុងស្រេងមកទទួលយកទៅរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។ស្រាប់តែនៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ថ្មីៗនេះលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿនជាប្រធាននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងរបស់ខ្លួនចូលរុះរើសនិងដឹកសម្ភារទាំងនោះចេញពីក្នុងផ្ទះរបស់លោកស្រីហ៊ីមសុភ័ក្ដ្រដោយពុំបានជូនដំណឹងដល់លោកអ៊ុចសម្បត្តិនិងភាគីម្ចាស់ផ្ទះឈ្មោះហ៊ីមសុភ័ក្រ្កឲ្យត្រឹមត្រូវតាមច្បាប់ជាមុនឡើយ។

លើសពីនេះទៅទៀតលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេង  ព្រមទាំងបក្ខពួកបានគម្រាមវាយខ្នោះនិងចាប់លោកអ៊ុចសម្បត្តិនិងម្ចាស់ផ្ទះឈ្មោះហ៊ីមសុភ័ក្រ្កដាក់គុកជាច្រើនលើកច្រើនសារទៀតផង។

គួរបញ្ជាក់ថាទីតាំងនៃការអនុវត្តសាលក្រមព្រហ្មទណ្ឌលេខៈ៣៥៩៦ឃ១ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញនៅចំណុចផ្ទះលេខ០១ផ្លូវQ០៦(បុរីប៉េងហួត) សង្កាត់ទទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញចំណែកទីតាំងផ្ទះដែលមានលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងបានដឹកនាំកម្លាំងចុះទៅរុះរើនៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ០៥ផ្លូវធំភ្លោះសង្កាត់ទទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ  គឺជាកម្មសិទ្ធិរបស់លោកស្រីហ៊ីមសុភ័ក្រ្កជាទីតាំងផ្ញើបណ្ដោះអាសន្ន(ខុសទីតាំងខុសខណ្ឌ)ដូច្នេះនៅមុនពេលចុះទៅរុះរើនិងដឹកជញ្ជូនសម្ភារដែលតុលាការរឹបអូសលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងគួរតែជូនដំណឹងដល់ភាគីទទួលបញ្ញើនិងភាគីម្ចាស់ផ្ទះឲ្យបានដឹងជាមុនតាមនីតិវិធីច្បាប់។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងចាត់ទុកទង្វើរបស់លោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងព្រមទាំងបក្ខពួកគឺជាសកម្មភាពរំលោភលំនៅដ្ឋានរបស់ពលរដ្ឋដោយខុសច្បាប់។ម្យ៉ាងវិញទៀតសកម្មភាពរបស់លោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងព្រមទាំងបក្ខពួកហាក់រំលោភអំណាចរបស់ស្ថាប័នតុលាការដែលជាម្ចាស់ករណីក្នុងសំណុំរឿងអនុវត្តដែលមានសាលក្រមស្ថាពររូចហើយ។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងចាត់ទុកទង្វើរបស់លោកឧត្តមសេនីយ៍ឯក      ចាន់វ៉ាន់ធឿននិងលោកឧត្តមសេនីយ៍ទោឡុងស្រេងព្រមទាំងបក្ខពួកជាការប្រាសចាកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងជាពិសេសក្រសួងមហាផ្ទៃដែលតែងតែគាំពារអាជីករក្នុងវិស័យសហគ្រាសធនតូចនិងមធ្យមដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ។

អំពើធ្វើទុក្ខបុកម្នេញលើអាជីវកម្មធន់តូចនិងធម្យមរបស់កម្លាំងសមត្ថកិច្ចបែបនេះត្រូវមហាជនទូទៅនិងមជ្ឈដ្ឋានអ្នកវិនិយោគចាត់ទុកថាជាអំពើកៀបស៊ីស្រស់ៗក្រោមលេសអនុវត្តច្បាប់ទាំងដឹងថាសហគ្រាសទាំងអស់នោះបានព្យាយាមគោរពតាមច្បាប់រដ្ឋរួចហើយក្តី។

ការគំរាមកំហែងយាយីនិងបំភិតបំភ័យវិស័យសហគ្រាសធនតូចនិងមធ្យមដែលមានពលរដ្ឋខ្មែរជាម្ចាស់ពីសំណាក់កងកម្លាំងសមត្ថកិច្ចបែបនេះគឺប្រៀបបាននឹងការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយផ្នែកធំ។

ជាងនេះទៅទៀតទង្វើនេះក៏ជាការបន្លាចអាជីវករដទៃទៀតឲ្យខ្លាចរអានិងបាត់បង់ជំនឿចិត្តលើការអនុវត្តច្បាប់ប្រកបដោយតម្លាភាពរបស់រាជរដ្ឋាភិបាលកម្ពុជាព្រោះតែកិច្ចខិតខំប្រឹងប្រែងនិងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃចំពោះអ្នកវិនិយោគត្រូវបានបំផ្លាញចោលដោយក្រុមមន្ត្រីខិលខូចមួយក្តាប់តូចនេះ។

ប្រជាពលរដ្ឋនិងអ្នកវិនិយោគសង្ឃឹមយ៉ាងមុតមាំថារាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនឹងមិនបណ្តែតបណ្តោយឲ្យក្រុមជនមួយក្តាប់តូចនេះបន្តសកម្មភាពបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាំងពីយូរណាស់មកហើយនោះទេ។

សូមបញ្ជាក់ថានៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ឯកឧត្តមហូសិទ្ធីនាយខុទ្ទការល័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានបញ្ជូនបណ្តឹងអន្តរាគមន៍របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងទៅជូនឯកឧត្តមនាយកខុទ្ទការល័យសម្តេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងដាក់ជូនសម្តេចក្រឡាហោមខេង។

មហាជននិងមជ្ឈដ្ឋានអ្នកវិនិយោគកំពុងរងចាំមើលចំណាត់ការនៃការអនុវត្តអភិក្រមទី៥របស់រាជរដ្ឋាភិបាលដើម្បីសបញ្ជាក់ពីការយកចិត្តទុកដាក់និងការពារសិទ្ធិពាណិជ្ជករខ្មែរដែលកំពុងតែរកស៊ីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ (ដោយ ៖ អ.ប)


LEAVE A REPLY

Please enter your comment!
Please enter your name here