កីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក៤សម័យកាលត្រូវបានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ

0
107

ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាលត្រូវបានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩និងទិស ដៅអនុវត្តបន្តនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាពក្ឬោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣
វីរកីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់ជើងឯកពិភពលោកសារជាថ្មីលើវិញ្ញាសាប៉េតង់វាយយកពិន្ទុឯកត្តជននារី ក្រោយយកឈ្នះកីឡាការិនីឡាវ Bivilak Thepphkan នៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេងបានយកឈ្នះកីឡាការិនី មីយ៉ាន់ម៉ានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រី កែ ឡេងបានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់គ្នារួចមកហើយ គឺ៣លើកមុន កីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសបារាំង ឆ្នាំ២០១៣, បន្ទាប់មកនៅប្រទេសថៃនៅឆ្នាំ២០១៥ នៅប្រទេសចិន ក្នុងឆ្នាំ២០១៧ និងចុងក្រោយនេះនៅឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងពិធីបំពាក់ស័ក្តិនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរចំពោះកីឡាករកម្ពុជានាពេលបច្ចុប្បន្នស្ទើរតែគ្រប់វិញ្ញាសារកីឡាទាំងអស់ បានកំពុងរីកចម្រើនជាបន្តបន្ទាប់ដោយសារតែ មានការយកចិត្តទុកដាក់ច្រើននិងការទទួលខុសត្រូវខ្ពស់ពីសំណាក់គ្រួបង្វឹកនិងការខិតខំផ្ទាល់របស់កីឡាករ-កីឡាការិនី បើទោះបីកម្ពុជាយើងនៅមានការខ្វះខាត់ខ្លះៗនូវឧបករណ៍សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាល ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែវាត្រូវទាមទារឲ្យយើងទាំងអស់គ្នាខិតខំរួមគ្នាដោះ ស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឲ្យវិស័យកីឡានេះកាន់តែរីកចម្រើន បន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចពិជ័យសេនាក៏បានអំពាវនាវដល់ក្រសួងអប់រំនិងស្ថាប័ន្ធ ពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត ខណៈយុវជនខ្មែរខ្លះមានឌុងតាំងពីកំណើតតែពួកគេគ្មានឱកាសក្នុងការហ្វឹកហាត់ដោយសារតែជីវភាព និងគ្មានកន្លែងត្រឹមត្រូវសម្រាប់ ការហាត់ជាដើមនោះ។ ការបង្កើនទីកន្លែងច្រើនសម្រាប់ហ្វឹកហាត់កីឡាគឺជាឱកាសសម្រាប់យុវជនខ្មែរ ហើយសម្តេចរំពឹងថាកូនខ្មែរនឹងមានអ្នកខ្លាំងច្រើនផ្សេងទៀតនៅតាមខេត្តនិងទីជនបទ ប៉ុន្តែពួកគេ គ្មានឱកាសចូលរួមដោយសារតែគ្មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា យើងត្រូវតែជំរុញឲ្យខ្លាំងក្លាបន្ថែមទៀតតាមរយៈមន្ទីរអប់រំយុវជន និងកីឡាត្រូវឲ្យមានកន្លែងហាត់ឲ្យបានច្រើន យុវជនខ្លះវាខ្លាំងតែពួកគេមិនបានចេញមុខចេញមាត់ដោយសារតែពួកគេនៅតាមទីជនបទ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here