សមត្ថកិច្ចពន្លត់ បានទាំងស្រុង នៅម៉ោង១យប់ ករណីអគ្គិភ័យឆេះបំផ្លាញឃ្លាំងស្តុងឈើ និងផ្ទះពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ

0
106

ភ្នំពេញ ៖ តាមរបាយករណ៍របស់សមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង នៅឃ្លាំងស្តុកទុកឈើមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុមទី០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានម្ចាស់ ឈ្មោះ ចេង លីហេង ភេទប្រុស អាយុ៣៣ឆ្នាំ។

បន្ទាប់ពីកើតករណីឆេះឃ្លាំងស្តុកឈើនេះភ្លាមៗ មានការជួយអន្តរាគមន៍ ពីសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន៣៦ គ្រឿង ដែលមកពីអង្គភាពផ្សេងគ្នាដូចជា ៖ រថយន្តអគ្គិភ័យការិយាល័យ នគរបាលរាជធានីភ្នំពេញចំនួន២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១០ឡានស្មើនឹង១០១០ម៉ែត្រគូប, រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មើនឹង១៨ម៉ែត្រគូប, រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១៣០ម៉ែត្រគូប, រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង១១០ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ឡានស្មើនឹង៤២ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងនៅម៉ោង១៖០០នាទីយប់ ឈានចូល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ហើយចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងស្រាវជ្រាវ។

ចំពោះទំហំនៃការខូចខាតវិញ សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញទាំងស្រុង ឃ្លាំងស្តុកទុកបាឡែត ឈើ ទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ, ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រគុណ២០ម៉ែត្រ អស់ចំនួន១ខ្នង, ឆេះបន្ទប់ជួលទំហំ០៣ម៉ែត្រគុណ០៤ម៉ែត្រចំនួន១៩បន្ទប់ និងឆេះរោលជញ្ជាំងផ្ទះថ្មបេតុងចំនួន០២ល្វែង (ឆេះរោលប្រហែល៤០%។ តែយ៉ាងណាចំពោះករណីនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ និងរបួសនោះទេ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here