ឆេះទូកុងតឺន័រសិប្បកម្មផលិតឥដ្ឋ មួយកន្លែង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

0
124

(ភ្នំពេញ)៖ ទូកុងតឺន័រមួយកន្លែង ជាសិប្បកម្មផលិតឥដ្ឋ ត្រូវបានភ្លើងឆេះខ្ទេចអស់ទាំងស្រុង ខណៈសមត្ថកិច្ចកំពុងបាញ់ទឹកពន្លត់ បែរជាផ្ទុះសារធាតុថ្មស្អុយឆាបឆេះកាន់តែខ្លាំង ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងឃ្លាំងសិប្បកម្មផលិតឥដ្ឋមួយកន្លែងជិតវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីឆេះសម្ភារៈក្នុងទូកុងតឺន័រខាងលើនេះ សមត្ថកិច្ចពិបាកក្នុងការបាញ់ពន្លត់ ពីព្រោះថាសម្ភារៈដែលផ្ទុកនៅក្នុងទូកុងតឺន័រជាម្សៅថ្មស្អុយប្រតិកម្មជាមួយទឹក កាលណាបាញ់ទឹកចូលទៅ វានឹងឆាបឆេះកាន់តែខ្លាំង គឺគ្រាន់តែបាញ់ទឹកទៅចំ បែរជាភ្លើងកាន់តែផ្ទុះចាប់ឆេះខ្លាំងឡើងៗ។ តែទោះជាយ៉ាងណាក្ដី កម្លាំងសមត្ថកិច្ចពន្លត់ និងបង្ការពន្លត់អគ្គិភ័យ ក៏នៅតែព្យាយាមបាញ់ពន្លត់ទប់ស្កាត់ មិនឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាឃ្លាំងដទៃទៀតឡើយ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហ្គូវ ប៊ុនឃៀង ភេទប្រុស អាយុ45ឆ្នាំ មុខរបរជាម្ចាស់សិប្បកម្មផលិតឥដ្ឋ។ មានឃ្លាំង ប្រភេទសំណង់ សង់ពីដែកប្រក់ដំបូលសង្គ័សី ទំហំ50ម៉ែត្រ x 60ម៉ែត្រ ។ បណ្តាលឲ្យឆេះខូចខាត ៖ ឆេះទូកុងទីន័រទំហំ02ម៉ែត្រ x08ម៉ែត្រ ចំនួន 01ទូរ រួមទាំងឆេះសម្ភារះក្នុងទូកុងទីន័រអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង ឬបង្កឲ្យមានមនុស្សស្លាប់និងរបួសឡើយ ។
ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡានស្មើនឹង ៦៤ម៉ែត្រគូប , រថយន្តជំនួយ អគ្គិភ័យ បុរី ប៉េង ហួតចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡានស្មេីនឹង 16ម៉ែត្រគូប , រថយន្ត អគ្គិភ័យ ក្រុមហ៊ុន ស្រាបៀរ កម្ពុជាចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានស្មើនិង ៨ម៉ែត្រគូប , រថយន្ត អគ្គិភ័យ ក្រុមហ៊ុន OCICកោះពេជ្រចំនួន 01គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 02ឡានស្មើនឹង៨ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ១១និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here