លោក ចា ជិនហូ អ្នកផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណាវិរុសថ្មី ថ្លែងអំណរគុណគ្រូពេទ្យខ្មែរ និងសម្តេចតេជោ

0
99

ខេត្តព្រះសីហនុខណៈដែលសុខភាពកាន់តែប្រសើរជាងមុន លោក ចា ជិនហូ (Jia Jianhua) ជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់ រហូតបានប្រសើរឡើងមួយកម្រិត។ នេះបើតាមការឲ្យដឹងពី  លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុដែល បានថ្លែងប្រាប់ឲ្យអ្នកសារព័ត៌មាននិងសាធារណជនឲ្យដឹង កាលពីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយបង្ហាញរូបលោក ចា ជិនហូតាមវីដេអូ WeChat តបជាមួយនឹងសមាគមចិនមួយក្រុម ចុះសួរសុខទុក្ខរបស់លោក ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ទាក់ទិនបញ្ហានេះ បើតាមលោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល , គឺតាមរយៈវីដេអូនោះបង្ហាញថា សុខភាពអ្នកជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី មានសុខភាពល្អប្រសើរ និងសប្បាយរីករាយ។ លោកអះអាងថា «តាមភាសាចិន គាត់បានអរគុណគ្រូពេទ្យខ្មែរយើង ដែលបានយកចិត្តទុកដាក់ព្យាបាលគាត់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងជាពិសេស អរគុណសម្តេចតេជោ ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់»

សូមបញ្ជាក់ថា លោក ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលខេត្តព្រះសីហនុ យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ បន្ទាប់មកគ្រូពេទ្យបានអនុញ្ញាតឱ្យគាត់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោក ជិនហូរ ត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យខ្មែរ ហើយក៏ត្រូវបានរដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យ និងសួរសុខទុក្ខដោយផ្ទាល់ផងដែរ។

ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីរូបនេះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងលើស៩០០០នាក់ កំពុងមានមេរោគ ដែលគ្រូពេទ្យនៅលើពិភពលោកយកចិត្ត្តទុកដាក់ព្យាបាលបំផុត៕អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here