ភ្នំពេញ៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការក្នុងស្រុ និងជាអតិតសមាជិកគណបក្សសង្រោះជាតិ នៅម៉ោង៨និង៤៥នាទី ព្រឹកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក។
កញ្ញា ធី សុវណ្ណថា បានប្តឹងលោក សម រង្ស៊ី ដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី ចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក ដើម្បីឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបកញ្ញា ធី សុវណ្ណថា បានប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌ និង ផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ២៥ ម៉ឺនដុល្លារអាមេរិក។
គេនៅចាំបានថា កន្លងមកកញ្ញាធី សុវណ្ណថា បញ្ជាក់ថា ក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បាននិយាយថា សម្តេចតេជោសូកប្រាក់កញ្ញាធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក។ កញ្ញា ធី សុវណ្ណថា ចាត់ទុកថា ការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាការចោទប្រកាន់មួលបង្កាច់ ជាការអះអាងដោយបំផ្លើសនិងជាការទម្លាក់កំហុសដោយអសុច្ចរិត ហើយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់នាង ៕ ប្រសើរ
