កម្ពុជា-ជប៉ុន បង្ហាញជំហរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាឱ្យកាន់តែខ្លាំងក្លា

0
67

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជាក្នុងគ្រាជួបការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩នោះ បាននាំមកនូវការប្តេជ្ញាចិត្តខ្ពស់មួយទៀតរវាងកម្ពុជា និងជប៉ុន ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានក្លាយជារដ្ឋមន្ត្រីការបរទេស និងជាមន្ត្រីជាន់ខ្ពស់នៃប្រទេសជាមិត្តដំបូងគេ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០នេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតជប៉ុន ត្រូវបានចាត់ទុកជាដំណើរដែលផ្តល់គុណតម្លៃខ្ពស់បំផុតក្នុងនាមជាមិត្ត ជាដៃគូយុទ្ធសាស្ត្រក្នុងពេលដែលកម្ពុជា និងជប៉ុន សុទ្ធតែជួបការលំបាកបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ត្រូវបានទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះលោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា និងទប់ស្កាត់បានដោយជោគជ័យនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានឯកភាពបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរថែមទៀត។

ការស្តារសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន ក៏ជាកិច្ចពិភាក្សាសំខាន់ទាំងក្នុងជំនួបរវាង លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និងសម្តេចេជោ ហ៊ុន សែន ក៏ដូចជាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

យោងតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ កម្ពុជា និងជប៉ុន បានឯកភាពឲ្យបើកឡើងវិញតាមដំណាក់កាល និងជាបណ្តើរៗនូវការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា និងជប៉ុន សម្រាប់អ្នកដំណើរក្នុងគោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ជំងឺរាតត្បាត។

ភាគីទាំងពីរនឹងធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួនដើម្បីចាប់ផ្តើមការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈយូរលើស១៤ថ្ងៃ «ច្រកចូលសម្រាប់ការស្នាក់នៅ» នៅដើមខែកញ្ញា ឆ្នាំ ២០២០ និងពន្លឿនកិច្ចពិភាក្សាស្តីពីការអនុវត្តការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈខ្លីជាង១៤ថ្ងៃ «ច្រកសម្រាប់ធុរកិច្ច»។

កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ នៅឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ១,២ពាន់លាន ហើយជប៉ុនបាននាំចូលមកកម្ពុជា ប្រមាណ ៨០០លាន។ ៩ខែឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ ៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នៅកម្ពុជានាពេលនេះ ក៏បានផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជ និងការវិនិយោគផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតជប៉ុននៅកម្ពុជានាពេលនេះ បានគូសបញ្ជាក់ថា ជប៉ុន និងកម្ពុជា បានបង្ហាញនូវសេចក្តីប្រាថ្នារួមក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌។

ជប៉ុន ក៏បានសម្តែងនូវឆន្ទៈគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសមត្ថភាពឧស្សាហកម្មកែឆ្នៃកសិផល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាទំនើប និងពង្រីកកិច្ចសហប្រតិបតិ្តការអភិរក្ស ប្រាសាទបុរាណនៅកម្ពុជា។

កម្ពុជា ក៏បានសម្តែងការពេញចិត្តចំពោះសកម្មភាពជំរុញការប្រាស្រ័យទាក់ទងផ្នែកវប្បធម៌ និងអប់រំ របស់ការិយាល័យទំនាក់ទំនងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នៅភ្នំពេញ ហើយស្វាគមន៍ឱ្យការិយាល័យនេះបន្តតាំងនៅជាអចិន្រ្តៃយ៍ក្នុងប្រទេសកម្ពុជា។

ដើម្បីជំរុញដល់ការលូតលាស់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនេះ កម្ពុជា និងជប៉ុន ក៏បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាបានប្តេជ្ញាបន្តខិតខំកែលំអបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីលើនេះ ម៉ូតេហ្គីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។

ក្រៅពីការប្តេជ្ញាចិត្តជួយគាំទ្រគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៃប្រទេសទាំងពីរនោះ កម្ពុជា និងជប៉ុន ក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងធ្វើការជិតស្និទ្ធ ដើម្បីធ្វើការបន្ស៉ីគ្នានូវរាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលមានគោលដៅក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន៕(សម្រង់ពីហ្រ្វេសញូ)

LEAVE A REPLY

Please enter your comment!
Please enter your name here