ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ជិត៣ឆ្នាំហើយនៅមេម៉ាយរហូត មិនដឹងរឿងអី?

0
80

ភ្នំពេញ៖ គម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អមខេត្តពោធិ៍សាត់ដែលគេដឹងថាបានទៅលើក្រុមហ៊ុន ហាន់សុីង(HanShin) ជាអ្នកជួសជុល
និងស្ថាបនាឡើងវិញនូវទឹកប្រាក់ជាង៨០លានដុល្លារជិត៣ឆ្នាំមកហើយនោះមកដល់ពេលនេះហាក់ដូចជាមិនសូវដំណើរការសោះ តើមានបញ្ហាអ្វីទៅ?
ប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំថា មកទល់ពេលនេះ ជិត៣ឆ្នាំទៅហើយ ការដំណើរការសាងសង់ស្ថាបនា ហាក់មិនទៅមុខសោះគឺ ទុកឲ្យនៅមេម៉ាយ បង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ និងអ្នកធ្វើដំណើរខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បង្កជារណ្តៅជ្រៅៗ ពំនូកឥដ្ឋនិងដីនៅរកេតរកូតពេញផ្លូវលំបាកក្នុងការធ្វើដំណើរណាស់។
ពួកគាត់រអ៊ូរទាំទៀតថាប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូ កង់ ឡាន បររទេះគោ-ក្របី ចូលផ្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ការ ធ្វើអូសបន្លាយពេលយូរឆ្នាំយ៉ាងនេះ វាធ្វើឲ្យសំបូរដោយជង្ហុក ហុយដី បើកយានយន្តកាត់ម្តងៗស្ទើរគ្រុន បើស្ត្រីមានផ្ទៃពោះវិញ ត្រូវប្រុងប្រយ័ត្នពីសុខភាព ខណៈមានកន្លែងរលាក់ច្រើន ខុសពីការស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។

យ៉ាងណាបើតាមកម្មករ ក៏ដូចជាក្រុមការងារធ្វើផ្លូវនេះបានបង្ហើបថាក្រុមហ៊ុន ហាន់សុីង(HanShin) ខ្វះលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដូចជាគ្រឿងចក្រ សំភារៈ ជាមធ្យោបាយដំណើរការឱ្យការស្ថាបនាផ្លូវ ដែលខ្លួនដេញថ្លៃបានជាដើម ។ ជាទម្លាប់ក្រុមហ៊ុននេះ ពេលដេញថ្លៃបានច្រើនតែម៉ៅការបន្តឱ្យក្រុមហ៊ុនតូចៗជាច្រើន ហើយក្រុមហ៊ុនខ្លះធ្វើមិនទៅមុខ ខ្លះទៀតរត់ចោល ខណៈម៉ៅការមិនចំណេញ បង្កើតជាការរាំងស្ទះការងារជាហូរហែ។ កម្មករដដែលបន្ថែមថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ នេះមានក្រុមហ៊ុនប្លែកៗមកម៉ៅការ តែមិនចាំថាក្រុមហ៊ុនណាធ្វើពិតប្រាកដ ចេញមួយចូលមួយ និងគ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យដំណើរជាចន្លោះៗ គ្រាន់តែឱ្យល្អមើល ថាក្រុមហ៊ុនធ្វើការស្ថាបនាជាប់ជាប្រចាំតែប៉ុណ្ណោះ។

សូមរំលឹកថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ប៉ុន្តែមិនដឹងរឿងអីក្រុមហ៊ុន ហាន់សុីង(HanShin) នៅតែមានលក្ខណ:ពិសេស ដេញថ្លៃបានគ្រោងស្ថាបនានូវផ្លូវជាតិផ្សេងៗឡើងវិញជាបន្តបន្ទាប់ទៅវិញ..!

ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនបកស្រាយប្រាប់អង្គភាពអ្នកសារព័ត៌មានឱ្យលម្អិតទេ ។លោកនិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះថាលោកកំពុងមានធុរៈការងារច្រើន ហើយបង្វែរឱ្យទៅសួរ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ ព្រោះគាត់ជាអ្នកកាន់ការងារនេះផ្ទាល់។ ដោយឡែកលោក ឈឹម ផល្លា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការស្ថាបនាផ្លូវខាងលើ គេបានដំណើរការធម្មតា ចំពោះការយឺតយ៉ាវ ដោយសារស្ថានភាពការរាតត្បាតនៃជំងឺកូវីដ-១៩ និងចំពេលរដូវភ្លៀងធ្លាក់ផង។ លោកថ្លែងថា ទោះជាពេលនេះយឺតបន្តិចមែន តែមិនឱ្យហួសកិច្ចសន្យាតាមការកំណត់រយៈពេលនៃដំណើរការស្ថាបនាឡើយ។

ពាក់ព័ន្ធនឺងបញ្ហាខ្លះមានការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារកង្វៈខាតស្លាកសញ្ញាចរាចរណ៍។ លោកបកស្រាយថា បញ្ហានេះខ្ញុំគិតថា គេបានរៀបចំត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំទទួលស្គាល់ថា មានកន្លែងខ្លះចន្លោះប្រហោងលើចំណុចនេះ ដូច្នេះខាងខ្ញុំបន្តយកចិត្តទុកពិនិត្យឲ្យបានដិតដល់ ហើយការធ្វើដំណើរបើកបរយឺតយូរ តាមផ្លូវលំបាកខ្លះ ដូចជាយើងដឹងស្រាប់ហើយមានឡានច្រើន និងផ្លូវកំពុងស្ថាបនា ។

ជុំវិញដែលកន្លងមក ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ហើយបើស្ថាបនាផ្លូវជាតិលេខ៥ ពិនិត្យឃើញថា មានកំហុសបែបនេះទៀត តើគួរអនុញ្ញាតឱ្យ (HanShin)ចូលដេញថ្លៃទៀតទេ..? ។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ថា ជាធម្មតាការស្ថាបនាផ្លូវជាតិនិមួយៗ គឺមានការពិនិត្យយ៉ាងសុក្រិតបំផុតពីខាង(ចៃការ)ខាងក្រសួង ខាងក្រុមពិនិត្យបច្ចេកទេស ហើយគេអាចវាយតម្លៃពីគុណភាពស្តង់ដារ តែបើមិនបំពេញតាមគម្រោងនោះទេ កុំថាឡើយក្រុមហ៊ុន (HanShin) ក្រុមហ៊ុនណាក៏ដោយ ក៏មិនអាចដេញថ្លៃបានដែរ។ លោកលើកឡើងទៀតថា លោកទេសរដ្ឋមន្ត្រីមានស្តង់ដារ ការងារច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ គឺចុះពិនិត្យដោយផ្ទាល់និងម៉ត់ចត់បំផុត។ ដូច្នេះបើក្រុមហ៊ុនណាធ្វើមិនតាមស្តង់ដារ គឺមិនទទួលយក ជាដាច់ខាត។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន (HanShin) នេះពិតជាបានធ្វើផ្លូវយឺតយូរមែន បើសិក្សាពីតថភាពជាក់ស្តែង ដូច្នេះគួរខាងក្រសួងពន្លឿន ហើយខាង(ចៃកា)ពិនិត្យជាក់ស្តែងពីសកម្មភាពស្ថាបនានេះផង។ មួយរយៈនេះអ្នកដំណើរសុខចិត្តចេញពីខេត្តបាត់មកកាន់ភ្នំពេញ កាត់តាមខេត្តបន្ទាយមាន សៀមរាប កំពង់ធំ កំពង់ចាម ដែលមានចំងាយដីលើសជិត២០០គីឡូម៉ែត្រឯណោះ ក្នុងហេតុផលថា ពិបាកធ្វើដំណើរពេកចំពោះការរលាក់ ជង្ហុក ហើយការស្ថាបនាមិនបានលឿនដែលនាំឲ្យយឺតពេលជាងផ្លូវវាង៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here