យល់ដឹងស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកម្រិតពិន័យ ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក

0
45

 

ចេញផ្សាយ÷19.02.2021

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទើបបានចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យមួយដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលនេះ ដែលបានបញ្ជាក់ខ្លឹមសារលើមាត្រាមួយចំនួនខ្លះៗដូចខាងក្រោម ÷
មាត្រា៨ បានចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចវះពីការធ្វើចត្តាឡីស័ក។

មាត្រា៩ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

មាត្រា១០ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដោយមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។

មាត្រា១១ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក។

មាត្រា១២ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លាន ទៅ៥០លាន ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលជួយលាក់បាំង និងមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួន មានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីការធ្វើចត្តាឡីស័ក។

មាត្រា១៣ បានចែងថា ប្រាក់ពិន័យនឹងបង្កើនទ្វេដងករណីបទល្មើស នៅតែបន្តប្រព្រឹត្តិម្តងទៀត។

សូមរំលឹកថា ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន។ ករណីបែបននេះ បាននាំទៅដល់ការដកតំណែងអធិការស្រុកកំរៀង ខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here