អង្គការសង្គមស៊ីវិល ចំនួន១០៣ ស្នើរដ្ឋាភិបាលដាក់ចេញវិធានការ ឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ផ្អាកឲ្យពលរដ្ឋសងប្រាក់ក្នុងគ្រាលំបាកដោយសារជំងឺកូវីដ ១៩

0
38

ចេញផ្សាយ÷06.04.2012
ភ្នំពេញ ៖ យោងតាមវេបសាយក្នុងស្រុកមួយក្រុមអង្គការសង្គមស៊ីវិល ប្រមាណ ១០៣ បានស្នើទៅរដ្ឋាភិបាលដាក់ចេញវិធានការ ដើម្បីអោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ផ្អាកអោយពលរដ្ឋសងប្រាក់ទៅខ្លួននៅក្នុងគ្រាលំបាកដោយសារជំងឺកូវីដ ១៩ នេះ ។ ការផ្អាកសងប្រាក់ពលរដ្ឋទៅធនាគារនៅគ្រាមានបញ្ហាចំណូលនេះ មិនត្រឹមជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋនោះទេ តែជាឱកាសអោយពលរដ្ឋការពារខ្លួនពីការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ផង ពីព្រោះពលរដ្ឋអាចមានឱកាសសម្រាកនៅផ្ទះដោយសុវត្ថិភាព ។

«យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ ដាក់ចេញ​ជាវិធានការណែនាំ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ទាំងអស់​ នៅក្នុង​ប្រទេសកម្ពុជា​ ដើម្បីផ្អាកការ​បង់សង​ប្រាក់កម្ចី​ និងការប្រាក់បង្គរ​ទាំងអស់​ សម្រាប់​រយៈពេល​យ៉ាងតិច ៣ ខែ​ ដើម្បី​ផ្ដល់ឱ្យ​អ្នកខ្ចីប្រាក់​នូវឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាព​ អំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ ១៩​ ដែលពួកគេ​មិនគួរ​ត្រូវភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ» នេះជាការអំពាវនាវក្រុមសង្គមស៉ីវិល ។​
ក្នុងសេចក្តីការណ៍ចេញនៅថ្ងៃទី ៦ មេសានេះ អង្គការក្រៅរដ្ឋាភិបាល ថា វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកម្សាន្ត​ និងសំណង់​ កំពុង​ត្រូវបាន​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ ។​ វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្ត្រីរាប់សែននាក់​ ខណៈដែល​អត្រា​នៃអ្នកខ្ចី​កម្ចីខ្នាតតូច ​គឺមានស្ត្រីចំនួន ៧៥%​ មានន័យថា​ មានករណី​ជាច្រើន​ដែលវិបត្តិ​ជំងឺរីករាលដាលនេះ​ ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះស្ត្រីជា​អ្នកខ្ចីប្រាក់ ។​ ក្រៅពីនេះ​ កសិករ​ ពលករ​ចំណាកស្រុក​ សហគមន៍​ក្រីក្រ ​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ អ្នកធ្វើជំនួញ​ អាជីវករ​ និងអ្នកលក់​ដូរតាមដងផ្លូវ​ ក៏ប្រឈម​នឹងការធ្លាក់ចុះ​ខ្លាំង​នៃប្រាក់ចំណូល​ផងដែរ ។​ មានមនុស្ស​តិចតួចណាស់​ដែលមិនទទួល​រងផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ពីជំងឺកូវីដ ១៩ នេះ ។​ រាជរដ្ឋាភិបាល​បានចាត់វិធានការ​មួយចំនួន​រួចមកហើយ ​ដើម្បី​កាត់បន្ថយ​មនុស្ស​មួយចំនួន​ពីការរងគ្រោះ ​ដែលបង្កឡើង​ដោយវិបត្តិ​សេដ្ឋកិច្ច​ជាងមួយឆ្នាំ​កន្លងមកនេះ ។​ សាច់ប្រាក់​ដែលត្រូវបាន​ផ្ដល់ឱ្យ​ទៅប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ប័ណ្ណក្រីក្រ ​និងប្រាក់ឧបត្ថម្ភ​សម្រាប់​ប្រាក់ឈ្នួល​របស់កម្មករ​ កម្មការិនី​ រោងចក្រ​ បានផ្ដល់​ប្រភព​ដ៏សំខាន់មួយ​នៃប្រាក់ចំណូល​ ដល់​ប្រជាពលរដ្ឋ​រាប់សែននាក់​ ដែលត្រូវការ​ជំនួយ ។​

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖ ប្រសិនបើ​គ្មានគោល​នយោបាយ​ទាំងនេះទេ ​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​នៃការ​រីករាលដាល​ជាសកលនេះ ​នឹងកាន់តែ​មានស្ថានភាព​អាក្រក់​ខ្លាំងជាងនេះ ។​
សូមជម្រាបថាគោលនយោបាយរបស់ធនាគារកំពុងជួយសម្រួលការលំបាកពលរដ្ឋនាពេលកូវីដ ១៩ រាតត្បាតនេះ គឺការអនុគ្រោះតាមរយៈយន្តការរៀបចំឥណទានឡើងវិញ ។ ការរៀបចំឥណទានឡើងវិញដែលបានអនុវត្តតំាងពីឆ្នាំ ២០២០ មក គឺតម្រូវអោយពលរដ្ឋបានរងផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូដ ១៩ អាចដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញ ទៅគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនបានខ្ចីប្រាក់ ។  ការរៀបចំឥណទានឡើងវិញអាចមានជាការកាត់បន្ថយចំនួនប្រាក់ត្រូវបង់ប្រចាំខែហើយបង្កើនរយៈពេលបង់វិញ ឬជាការបង់តែការប្រាក់នៅក្នុងរយៈពេលណាមួយ តាមការចចារ ។ គេនៅមិនទាន់ដឹងថា រដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុទទួលយកសំណើរបស់សង្គមស៊ីវិលនាពេលនេះ ឬយ៉ាងណានោះ ៕
ដោយ÷ប្រាថ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here