អភិបាលរាជធានី បើកកិច្ចប្រជុំបន្ទាន់ទាំងយប់តាមរយៈ Video Conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹងភូមិដ្ឋានដែលបានបិទខ្ទប់

ព័ត៌មានជាតិ-អន្តរជាតិ

ចេញផ្សាយ÷12.04.2021

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ផ្តោតសំខាន់លើការងារពង្រឹងសន្តិសុខ សុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទប់ភូមិដ្ឋាន ក្នុងរយៈពេល១៤ថ្ងៃ ក្នុងខណ្ឌចំនួន៣ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី លើបំរាមគោចរ ការត្រួតពិនិត្យការផ្អាកលក់គ្រឿងស្រវឹង ពិសេសខណ្ឌ៣ ដែលពាក់ព័ន្ធនៅតំបន់រាំងខ្ទប់ទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។

លោក ឃួង ស្រេង បន្តថា កម្លាំងដែលអនុវត្ត រាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ។ នេះរឿងសំខាន់ដែលត្រូវធ្វើអោយខានតែបាន។

គួរបញ្ជាក់ថា៖ មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជាភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ។ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែជ័យ ។

ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ មានភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ដែលជាភូមិ និងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ភូមិដ្ឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *