បិទខ្ទប់តំបន់សេដ្ឋកិច្ចកំបូល១៤ថ្ងៃបន្ទាប់ពីរកឃើញមានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ឆ្លងជំងឺកូវីដ-19

ចេញផ្សាយ÷20.05.2021

ភ្នំពេញ៖ នារសៀលថ្ងៃទី 20 ខែឧសភាឆ្នាំ 2021 នេះ អាជ្ញាធរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូល បានបង្ខំចិត្តបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ នៅទីតាំងស្នាក់នៅរបស់បងប្អូនកម្មករកម្មការិនីទាំងនោះចំនួនពីរកន្លែង ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តរកឱ្យឃើញចំនួនអ្នកឆ្លងជំងឺកូវីដ19 បន្ទាប់ពីរកឃើញថា មានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូលមានផ្ទុកជំងឺកូវីដ.១៩។
តាមប្រសាសន៍ របស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងនារសៀលថ្ងៃនេះ ក្នុងពេលដែលលោកនិងមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព ជាក់ស្ដែង នៅតំបន់ ដែលមានបងប្អូនកម្មករកម្មការិនីស្នាក់នៅ ស្ថិតក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូលនេះថា បន្ទាប់ពីទទួលបានបទបញ្ជា ពីឯកឧត្តម  ឃួង  ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនិងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងទីតាំង ដែលបងប្អូនកម្មករកម្មការិនីបម្រើការនៅរោងចក្រស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូលនេះ ទើបអាជ្ញាធរបង្ខំចិត្ត បិទខ្ទប់ តំបន់ទាំងនេះ ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេសរក ឲ្យឃើញអ្នកមានវិជ្ជមាន កូវីដ19 ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍នេះ ជាពិសេស ចៀសវាងការចម្លងតគ្នា ពីមួយទៅមួយ នៅក្នុងតំបន់នេះ ឲ្យបានទាន់ពេលវេលា។
លោក ឃឹម  ស៊ុនសូដា បានបញ្ជាក់ផងដែរថា ក្រោយពីធ្វើតេស្តបឋម នៅរសៀលថ្ងៃនេះ យើងរកឃើញថា មានបងប្អូនកម្មករកម្មការិនីប្រមាណជាង 20 នាក់ ដែលមានវិជ្ជមានកូវីដ19 ក្នុងចំណោមបងប្អូនកម្មករកម្មការិនី ប្រមាណជាង200 នាក់ដែលស្នាក់នៅ ក្នុងទីតាំង ផ្ទះជួលភូមិគល់ ក្នុងសង្កាត់កំបូលនេះ។ ហើយក្នុងពេលនេះសមត្ថកិច្ចជំនាញកំពុង បន្តសកម្មភាពយ៉ាងមមាញឹកក្នុងការធ្វើតេស្ត ស្វែងរកអ្នកមានវិជ្ជមានកូវីដ19 ដែលជាប់ពាក់ព័ន្ធនៅក្នុងរោងចក្រខាងលើនេះ។
លោកអភិបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា៖ នៅក្នុងរោងចក្រ ស៊ូមិនេះ មានបងប្អូនកម្មករ កម្មការិនី ធ្វើការប្រមាណជាង 2000 នាក់ ហើយពួកគាត់បានប្រមូលផ្ដុំគ្នាស្នាក់នៅក្នុងអាគារជួល ចំនួនពីរកន្លែងដែលមួយកន្លែងស្ថិតនៅក្នុងភូមិគុល សង្កាត់កំបូល និងមួយកន្លែងទៀតនៅក្នុងភូមិម្ជុលពេជ្រ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនោះ។
យ៉ាងណាលោក អភិបាលខណ្ឌកំបូលបាន អះអាងទៀតថា ចំពោះអ្នកដែលរកឃើញថា មានវិជ្ជមានកូវីដ19 ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ របស់យើង បានបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាល ក្នុងរាជធានីភ្នំពេញ ក្រៅពីនេះ សម្រាប់អ្នកដែលស្នាក់នៅ ក្នុងតំបន់នេះ គឺត្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង។ ជាមួយគ្នានេះលោកក៏បានអះអាងផងដែរថា នៅក្នុងទីស្នាក់នៅរបស់បងប្អូនកម្មករនេះ មិនមានច្រកចេញចូលច្រើននោះទេ ងាយស្រួលដល់អាជ្ញាធរធ្វើការ បិទខ្ទប់ ជាបណ្ដោះអាសន្នយ៉ាងមានប្រសិទ្ធភាព។ អាជ្ញាធរក៏គ្រោងនឹងអញ្ជើញ អ្នកមានជាប់ពាក់ព័ន្ធជាមួយនឹងនិងបងប្អូនកម្មករកម្មការិនី មកធ្វើសំណាក ដើម្បីឲ្យប្រាកដថាពុំមានអ្នកឆ្លងឬចម្លងទៅកាន់អ្នកដទៃផ្សេងក្រៅពីបងប្អូនកម្មករកម្មការិនីដែលរស់នៅបណ្ដុំគ្នាក្នុងទីតាំងផ្ទះជួល ខាងលើនេះទេ។
សូមបញ្ជាក់ថា៖. នេះជាការធ្វើតេស្តបឋម ហើយមន្ត្រីជំនាញពាក់ព័ន្ធនឹងបន្ត ធ្វើតេស្តបងប្អូនកម្មករកម្មការិនីដទៃទៀត ដើម្បីឱ្យប្រាកដថា មានបងប្អូនកម្មករកម្មការិនីប៉ុន្មាននាក់ដែលបានឆ្លងកូវីដ19 នៅក្នុងសហគមន៍នេះ។ ជាការកត់សម្គាល់ ឃើញថា នេះក៏ជារលកថ្មីមួយ ដែលអាចនឹងបង្ករឱ្យមានបញ្ហាឆ្លង ក្នុងសហគមន៍ ប្រសិនបើមិនមានការគ្រប់គ្រងបានទាន់ពេលវេលា ពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានទាំងនេះ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *