ក្រសួងមហាផ្ទៃ​ចេញផ្សាយ​សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ​ និង​ចំនួន​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​/​សង្កាត់​ និង​ភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ចេញផ្សាយ÷11.06.2021

ភ្នំពេញ÷ យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានចេញផ្សាយ​សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ​ និង​ចំនួន​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​/​សង្កាត់​ និង​ភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
សៀវភៅ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ និង​ជា​ឯកសារ​ផ្លូវការ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មន្ត្រីរាជការ​ វិនិយោគិន​ សិស្ស​ និស្សិត​ ដៃគូរ​អភិវឌ្ឍន៍​ និង​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ឈ្វេងយល់​ ស្រាវជ្រាវ​ និង​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ ជា​ពិសេស​រួមចំណែក​លើកកម្ពស់​ចំណេះដឹង​ដល់​សាធារណជន​ និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ បាន​កំណត់​ និង​ចែក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ខេត្ត​ និង​ក្រុង​ដោយ​ខេត្ត​ចែក​ជា​ស្រុក​,​ ស្រុក​ចែក​ជា​ឃុំ​,​ ក្រុង​ចែក​ជា​ខណ្ឌ​ និង​ខណ្ឌ​ចែក​ជា​សង្កាត់​ ។​

​រហូត​មក​ដល់​ឆ្នាំ​២០០៨​ មាត្រា​១២៦​ និង​មាត្រា​១២៧​ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ដោយ​រៀបចំ​ឡើង​វិញ​នូវ​ការ​ចែក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​ចែក​ចេញ​ជា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ និង​សង្កាត់​ ហើយ​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ខាងលើ​ ត្រូវ​គ្រប់គ្រង​តាម​លក្ខខណ្ឌ​ដែល​មាន​ចែក​ក្នុង​ច្បាប់រៀបចំអង្គការ​។​

​លើស​ពី​នេះ​ទៀត​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​រដ្ឋបាល​ដែនដី​មាន​គោលដៅ​រៀបចំ​នូវ​រចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​បាន​ជាក់លាក់​រវាង​តំបន់​ទីក្រុង​ ទីប្រជុំជន​ និង​តំបន់​ជនបទ​ដែល​បាន​អនុវត្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០០២​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឆ្នាំ​២០០៩​ ប្រព័ន្ធ​គ្របគ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​រៀបចំ​ឡើងជា​ជំហានៗ​ តាម​ប្រព័ន្ធ​គ្រប់គ្រង​បែប​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ស្រប​តាម​ការ​រីក​ចម្រើន​និង​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ​ ដោយ​ផ្អែក​លើក​កត្តា​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ សក្តានុពល​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់លាក់​ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​ក​ម្ពូ​ជា​ មាន​រាជធានី​ចំនួន​១​ ខេត្ត​ចំនួន​២៤​ ក្រុង​ចំនួន​២៧​ ស្រុក​ចំនួន​១៦២​ ខណ្ឌ​ចំនួន​១៤​ ឃុំ​ចំនួន​ ១.៤០៥​ សង្កាត់​ ២៤១​ និង​ភូមិ​ចំនួន​១៤.៤០៥​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ​ និង​ចំនួន​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ និង​ភូមិ​នេះ​ ត្រូវ​បាន​រៀបចំ​ និង​ចងក្រង​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ នៃ​ក្រសួងមហាផ្ទៃ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ឯកសារ​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​ ការ​បំបែក​ ការ​លុប​ចោល​ និង​ការ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ចាប់តាំងពី​មុន​រហូត​មក​ដល់​បច្បច្ចុប្បន្ន ៕
ប្រសើរ
 

Leave a Reply

Your email address will not be published. Required fields are marked *