ប្រទះឃើញវត្ថុសិល្បបុរាណ១៧ដុំ ពេលយកត្រាក់ទ័រភ្ជួរដីចម្ការ

ចេញផ្សាយ÷11.06.2021

ខេត្តបន្ទាយមានជ័យ÷ប្តីប្រពន្ធ២នាក់ខណ:ភ្ជួរដីចម្ការដោយត្រាក់ទ័រនៅក្បែរប្រាសាទតាស្រី ក្នុងភូមិតាអុងលិចឃុំស្វាយចេក ស្រុកស្វាយចេក ស្រាប់តែបានប្រទះឃើញវត្ថុសិល្បបុរាណធ្វើពីលោហធាតុចំនួន១៧ដុំ/រូប រួចបាននាំគ្នាយកទៅប្រគល់ជូនដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុកជាសម្បត្តិជាតិ។
ប្រជាកសិករ២នាក់ប្តីប្រពន្ធនេះមាន ឈ្មោះមិ តឿ ភេទប្រុសអាយុ៣៥ឆ្នាំ (ជាប្តី)និងប្រពន្ធឈ្មោះហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក។ពួកគាត់ បានយកត្រាក់ទ័រទៅភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិចចម្ងាយ៣គម  កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ម្សិលមិញ  ស្រាប់តែបានប្រទះឃើញវត្ថិសិល្បបុរាណធ្វើពីលោហធាតុចំនួន១៧ដុំ/រូប។ ក្រោយមកពួកគាត់បានប្រមូលយកទៅប្រគល់ជូនអាជ្ញាធរ និងប្រគល់បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។ ពេលនោះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានពិនិត្យនិងចុះបញ្ជីដើម្បីរក្សាទុកនៅសារមន្ទីរសហគមន៍នាស្រុកស្វាយចេកនោះតែម្តង ។
លោក លឿង  សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិ​ធី​ប្រគល់ទទួលវត្ថុសិល្បៈបុរាណពីកសិករទាំង២នាក់នោះហើយ ។
លោកនិយាយថា នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ កសិករខាងលើបានបើកត្រាក់ទ័រភ្ជួរដីចម្ការដាំដំឡូងមី។ ក្នុងការភ្ជួរដីនេះដែរពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន ។បន្តាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ  ហើយក៏ភ្ញាក់ផ្អើលឡើងដល់អ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពជាទីសក្ការៈ ។
ដោយឮខ្ចរខ្ចាយបែបនេះ  ទើបកសិករទាំង២នាក់បានស្ម័គ្រចិត្តប្រគល់​វត្ថុបុរាណទាំងនេះជូនអាជ្ញាធរដែនដី និងមន្ទីរជំនាញដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈ​បុរាណ)  ។
លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរួមជាមួយអនុប្រ​ធាន មន្ត្រីជំនាញបុរាណវិទ្យានិងលោកតាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារីនិងជាប្រធានសារមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយអះអាងថា វត្ថុបុរាណទាំងនេះអាចមានអាយុកាលចំណាស់ក្នុងស.វទី១០ទៅ១១ ។
វត្ថុសិល្បៈបុរាណទាំងនោះ មាន ១៧ដុំ/រូបធ្វើពីលោហធាតុ  ក្នុងនោះមាន១/ ពុម្ពចាក់ព្រះ ចំនួន២ ។២/កណ្តឹង(ត្រួយ) ចំនួន២ ។ ៣/កង ចំនួន៩ ។៤/ ទេឥវរូបស្រី  ចំនួន១ ។៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/និង ដុំសំណ ចំនួន១០ដុំ(តូចៗ) ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *