លោកយាយ​អាយុជាង១សតវត្សទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩

ចេញផ្សាយ÷12.07.2021

ខេត្តប៉ៃលិន ៖ លោកយាយម្នាក់អាយុ១០៥ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ រួចរាល់​ហើយ​។

ក្រុមគ្រូពេទ្យបានអះអាងថាក្រោយ​ពេល​ដែល​លោកគ្រូ​ពេទ្យ​បាន​ពិនិត្យ​សុខភាព​គាត់​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​អាយុ​កាន់តែ​ច្រើន សុខភាព​កាន់តែ​ទ្រុឌទ្រោម រួចក៏ចាក់ថ្នាំការពារជំងឺកូវីដ-19ជូនគាត់។លុះ​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​រួច ក្រុម​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​នោះ​ទេ ដោយ​បាន​ជួយ​ចាក់​ថ្នាំ​កម្លាំង និង​ព្យួរសេរ៉ូម​១​កំប្លោក ដើម្បី​ជា​ជំនួយ​កម្លាំង​បន្ថែម​ទៀត ដល់​លោកយាយ​កុំឱ្យ​មានការ​ហេវ​ហត់​អស់កម្លាំង​ខ្លាំង​ជាង​មុន​។

ប្រភពព័ត៌មានបានឱ្យដឹងថា លោកយាយ​ចំណាស់​ខាងលើ​មានឈ្មោះ ឱ​ក សៀន អាយុ​១០៥​ឆ្នាំ រស់នៅ​ភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​។
ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​នោះលោក​ ស្រី អភិបាលខេត្ត​ប៉ៃលិន បានចុះ​សួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​ខេត្ត​ប៉ៃលិន ហើយពេល​ទៅ​ដល់​កន្លែង​មណ្ឌល​សុខភាព​ខាងលើ ស្រាប់តែ​ឃើញ​លោកយាយ​ចំណាស់​ម្នាក់​កំពុង​សម្រាក​នៅ​លើ​គ្រែ​ព្យួរសេរ៉ូម​កម្លាំង​។ ពេលនោះលោក ស្រី អភិបាលខេត្តក៏បានអញ្ជើញសួរសុខទុក្ខដល់លោកយាយហើយដោយ​គ្រាន់តែ​ឮ​សំឡេង​ភ្លាម​លោកយាយមានការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ក៏​ចាប់ដៃ​លោកស្រីនិយាយ​លេង​ដូច​កូន និង​ម្តាយ​។

មើលទៅសភាពរបស់លោកយាយគាត់នៅរឹងមាំល្អ មិន​ទាន់​មានការ​វង្វេង​ដូច​មនុស្ស​ចាស់​ផ្សេង​ទៀត​នៅឡើយ​ទេ ព្រោះ​គាត់​នៅ​ចាំ​ឈ្មោះ និង​អាច​និយាយ​ឆ្លង​ឆ្លើយ​លេងសើច​យ៉ាង​សប្បាយ​គួរ​ឱ្យ​កោតសរសើរ​។ តែ​អ្វី​ដែល​គាត់​មិន​ភ្លេច​នោះ គឺ​សុំ​ថវិកា​ពី​លោក​ ស្រី អភិបាលខេត្ត ដើម្បី​យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ តែ​ទោះបីជា​យ៉ាងណា ដោយ​ចិត្ត​ធ្វើបុណ្យ​ទាន និង​សទ្ធា​ជ្រះថ្លា​លោកស្រីអភិបាលខេត្តក៏​បានឱ្យ​ក្រុមការងារ​រៀបចំ​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោកយាយ​ភ្លាម​ៗ និងទទួល​បាន​អង្ករមួយបាវពី​ក្រុមការងារ ជូន​ដល់​លោកយាយ​បន្ថែម​ទៀត​ផង​។ ក្នុងឱកាសនោះលោកយាយ ឱ​ក សៀន អាយុ​១០៥​ឆ្នាំ ក៏មិនភ្លេចជូនពរដល់លោក ស្រីអភិបាលខេត្ត​ប៉ៃលិន វិញទេ ដោយលោកយាយជូនពរដល់លោកស្រីនិងក្រុមការងារសូមឱ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​គ្រប់​ភារកិច្ច ជា​ពិសេស​លោកយាយ​ក៏​សសូមជូនពរឱ្យលោកស្រី និង​ក្រុមការងារ​មាន​អាយុ​វែង​ដូចគាត់​ដែរ​។
ជាមួយនេះដែរលោកយាយ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ និងជូនពរ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទទួល​បាន​សុខភាព​ល្អ មាន​កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ មាន​ប្រាជ្ញា​ឈ្លាសវៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខជា​ដរាប​៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *