មនុស្សយ៉ាងតិច១០.០០០នាក់បានជួបជុំធ្វើដង្ហែក្បួនធ្វើបាតុកម្មកណ្តាលទីក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយនាំគ្នាស្រែកថា «មិនមែនជាប្រធានាធិបតីរបស់ខ្ញុំនោះទេ» ខណៈដែលនៅតាមបណ្តាទីក្រុងផ្សេងៗទៀតរបស់អាមេរិក ក៏មានការធ្វើបាតុកម្មដូចគ្នានេះដែរ ចំថ្ងៃសម្រាករបស់ប្រធានាធិបតីតែម្តង ។
លោកដូណាល់ ត្រាំ មានគម្រោងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រោយរយៈពេលមួយខែដំបូងចូលកាន់តំណែងប្រធានាធិបតីអាមេរិក និងក្រោយពីដំណើរលំហែកាយចុងសប្តាហ៍នៅវិមាន Mar-a-Lago តំបន់ឆ្នេរខ្សាច់ Miami រដ្ឋផ្ល័រីដា ដែលមានឈ្មោះថា សេតវិមានរដូវរងាររបស់លោកនោះ ។
បាតុកម្មដែលមានឈ្មោះថា «ទិវាមិនមែនជាប្រធានាធិបតីរបស់ខ្ញុំ» នៅតែមានសន្ទុះក្លៀវក្លាយ៉ាងខ្លាំងដដែលក្នុងការបង្ហាញឲ្យឃើញអំពីការប្រឆាំងទៅលើលោកដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ខណៈដែលលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នោះ ។
ភាពចម្រូងចម្រាស់ដែលមិនធ្លាប់មានពីមុនមកចំពោះម្ចាស់ក្រុមហ៊ុនយក្សអចលនទ្រព្យដើម្បីគ្រង់គ្រងដឹកនាំមហាអំណាច គឺកំពុងស្ថិតនៅចំណុចមួយដ៏ក្តៅគគុកដដែល ខណៈដែលកំពុងមានការស៊ើបអង្កេតអំពីទំនាក់ទំនងមិត្តភាពរវាងលោកត្រាំ ជាមួយនឹងប្រទេសរុស្ស៊ី ។
ក្រុមអ្នករៀបចំបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ បានឆ្លៀតពេលថ្ងៃឈប់សម្រាកសាធារណៈរបស់សហព័ន្ធនេះធ្វើបាតុកម្មដើម្បីប្រឆាំងតវ៉ាប្រធានាធិបតី ។ ការបាតុកម្ម មានរៀបចំឡើងនៅទីក្រុងមួយចំនួនទៀត ដូចជានៅឡូសអេជឺឡេស ឈីហ្គាហ្គោ អាត្លង់តា និងវ៉ាស៊ីនតោនជាដើម ។
ក្រុមបាតុករមិនកំណត់ពីអាយុ គឺទាំងក្មេងទាំងចាស់ប្រមាណ១ម៉ឺននាក់ បានដង្ហែក្បូនតាមដងវិថីនានាក្នុងទីក្រុងញូវយ៉ក ទីឋានភូមិគ្រឹះរបស់ដូណាល់ ត្រាំ និងនៅមុខវិមាន Columbus Circle, នៅមុខសណ្ឋាគារអន្តរជាតិត្រាំ នៅសួនឧទ្យាន Central Park ផងដែរ ស្រែកប្រឆាំង មិនគាំទ្រលោកដូណាល់ ត្រាំ ។
បាតុករមួយរូប ឈ្មោះ Qamar Kkhan អាយុ២៦ឆ្នាំ ជានិស្សិតផ្នែកសុខាភិបាលមកពីប៉ាគីស្ថាន បាននិយាយថា គេចូលរួមបាតុកម្មពេលនេះដើម្បីប្រឆាំងទស្សនៈរបស់លោកត្រាំ ពាក់ព័ន្ធបញ្ហាមូស្លីម ។ Khan បានបន្តថា យើងជាជនមូស្លីម យើងចង់ចែករំលែកសារស្តីអំពីសន្តិភាព និងក្តីស្រឡាញ់អីចឹងដែរ គឺអិស្លាមពិតប្រាកដ ។
ការបាតុកម្មខាងលើនេះ មិនត្រូវបានគេរាយការណ៍ឲ្យដឹងថា មានការប៉ះទង្គិច ឬឈានដល់ផ្ទុះហិង្សានោះឡើយ ។ កាលពីពេលកន្លងមក បាតុកម្មប្រឆាំងដូណាល់ត្រាំ បានផ្ទុះហិង្សាដាក់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំងក្រុមប៉ូលិស និងបាតុករ ហើយក្នុងនោះ ក៏មានការចាប់ឃុំខ្លួនផងដែរ ៕

