អ្នកនាំពាក្យរដ្ឋាភិបាលនីហ្សេរីយ៉ាមួយរូបបានថ្លែងថា មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារគ្នាដណ្តើមដីវាលស្មៅ និងទឹក ស្ថិតនៅភាគកណ្តាលនីហ្សេរីយ៉ាកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
អំពើហិង្សានេះកើតឡើងជាការដាក់បន្ទុកធ្ងន់បន្ថែមទៀតទៅលើអាជ្ញាធរប្រទេសនេះ ដែលកំពុងប្រឈមមុខស្រាប់ហើយជាមួយក្រុមសកម្មប្រយុទ្ធអិស្លាមជ្រុលនិយម ដែលបះបោរនៅភាគឦសានប្រទេស ក៏ដូចប្រឈមមុខជាមួយក្រុមឧទ្ទាមដទៃផ្សេងទៀតនៅភាគខាងត្បូងប្រទេសសម្បូរដោយធនធានប្រេងនោះ ។
លោក Samuel Aruwan អ្នកនាំពាក្យអភិបាលខេត្ត Kaduna បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ពួកអ្នកពនេចរគង្វាលសត្វបានបាញ់ប្រហារអ្នកភូមិបណ្តាលឲ្យស្លាប់១៤នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិផ្សេងទៀត ក្នុងអំឡុងពេលវាយប្រហារជាង២៤ម៉ោង ស្ថិតនៅភាគខាងត្បូងរបស់រដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ។
ខេត្ត Kaduna ជាទីកន្លែងដែលប្រឈមមុខទៅនឹងការផ្ទុះឡើងនៃអំពើហិង្សាគ្រប់ពេលវេលា រវាងក្រុមមូស្លីម នឹងក្រុមគ្រិស្ទីន ។ អំពើហិង្សានៅតំបន់នេះ ប្រឈមនឹងការផ្ទុះឡើងជាថ្មីទៀតនាពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីអំពើហិង្សាយ៉ាងអាក្រក់បំផុតសម្លាប់មនុស្សរហូតដល់៨០០នាក់ ចាប់តាំងពីការបោះឆ្នោតក្នុងឆ្នាំ២០១១មកនោះ ។
លោក Aruwan បានថ្លែងថា បម្រាមគោចរ គឺមានសារសំខាន់បំផុតនាពេលនេះដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ និងការពារមិនឲ្យមានអំពើរំលោភបំពានច្បាប់បន្ថែមទៀត ។ បុគ្គលិកពិសេស និងក្រុមមនុស្សធម៌ប៉ុណ្ណោះអនុញ្ញាតឲ្យចលនា ខណៈដែលកងសន្តិសុខបោសសម្អាត រក្សារបៀបរៀបរយនៅកន្លែងកើតហេតុនោះ ៕
