ប្រទេសចិនស្វាគមន៍រដ្ឋាភិបាលដែលទើបត្រូវបានបង្កើតឡើង ដោយក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន

(ប៉េកាំង)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលចិនចាត់ទុករដ្ឋាភិបាល ទើបប្រកាសចេញនៅអាហ្វហ្កានីស្ថាន ជាជំហានមួយដែលចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេសនេះ ហើយទីក្រុងប៉េកាំងត្រៀមខ្លួនរួចស្រេច ក្នុងការរក្សាការធ្វើទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសចិនចាត់ទុកសេចក្តីប្រកាសរបស់ក្រុមតាលីបង់ អំពីការបង្កើតរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ជារឿងដ៏សំខាន់ខ្លាំងមួយ ព្រោះប្រការនេះជួយបញ្ចប់នូវស្ថានភាពមិនច្បាស់លាស់ជាង ៣សប្តាហ៍មកនេះ នៅអាហ្វហ្កានីស្ថាន ហើយក៏ជាជំហានចាំបាច់ ដើម្បីឆ្ពោះទៅស្តារសណ្តាប់ធ្នាប់ និងការស្ថាបនាប្រទេសឡើងវិញ ក្រោយសង្រ្គាមផងដែរ»។ លោក Wang បានសង្កត់ធ្ងន់បន្ថែមទៀតថា «ចិនគោរពជានិច្ចចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអាហ្វហ្កានីស្ថាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីបំផុតក្រុមតាលីបង់ បានប្រកាសជាផ្លូវការ អំពីសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្ន សម្រាប់អាហ្វហ្កានីស្ថាន បន្ទាប់ពីពួកគេបានឡើងគ្រប់គ្រងប្រទេសនេះ កាលពីពាក់កណ្តាលខែសីហា កន្លងទៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយលោក ម៉ូហាំម៉ាត់ ហាសាន អាឃុនហ្សាដា (Mohamad Hasan Akhunzada) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី។

បន្ថែមពីនេះ លោក មូលឡោះ បារ៉ាដា (Mullah Baradar) ដែលជាសហស្ថាបនិកក្រុមតាលីបង់ និងជាប្រធានផ្នែកនយោបាយរបស់ក្រុមនេះ តែងតាំងជាឧបនាយករដ្ឋមន្ត្រី។ បន្តមកទៀត លោក ស៊ីរ៉ាជូដឌីន ហាកកានី (Sirajuddin Haqqani) ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ម៉ូហាំម៉ាត់ យ៉ាឃូប (Mohammad Yaqoob) ជារដ្ឋមន្ត្រីការពារជាតិ,
លោក អាមៀ ខាន់ មូតតាគី (Amir Khan Muttaqi) ជារដ្ឋមន្ត្រីក្រសួងការបរទេស, លោក អាប់ឌុល ហាគីម (Abdul Hakim) ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ខៃរូលឡោះ ខាអ៊ីក្វា (Khairullah Khairkhwa) ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *