កម្ពុជា-ចិន ចុះហត្ថលេខាឯកសារចំនួន៦ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី

ចេញផ្សាយ÷12.09.2021

ភ្នំពេញ៖ ក្នុងថ្ងៃទី១២ខែកញ្ញានេះឯកសារសំខាន់ៗចំនួន៦ចំណុច ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកសារចំនួន៦ដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖

ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដោយលោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដោយលោក វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។

ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយលោក វង្សី វិស្សុត និងលោក គៀង ខឺមីង (QIAN Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សូមជម្រាបថា លោក វ៉ាង យី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ បានបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *