បង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​

ចេញផ្សាយ÷ ១៧.០៩.២០២១

ភ្នំពេញ÷ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះបានចេញសេចក្តីសម្រេចលេខ ២៤ក.យ.សសរ/២១ ស្តីពីការបង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​។
នៅក្នុងសេចក្តីសម្រេចនេះ មានចែងថា :
ប្រការ១÷ បង្កើតក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និង អាជ្ញាសាលា ដែលមានសមាសភាពដូចខាងក្រោម៖
១-លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន , អនុប្រធាន៣រូប , អនុប្រធានអចិន្ត្រៃយ៍ ១រូប និងសមាជិក ១៥រូប។
ប្រការ២÷ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា មានក្រុមការងារបច្ចេកទេសមួយដែលទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួលបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា ជាសេនាធិការ។
ក្រុមការងារបច្ចេកទេសមានសមាសភាពដូចខាងក្រោម៖
១-លោក សួន វិសាល រដ្ឋលេខាធិការ ជាប្រធាន មានអនុប្រធាន២រូប អនុប្រធានអចិន្ត្រៃយ៍ ១រូប និងសមាជិក ១៥រូប។
ប្រការ៣÷ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់ខ្លួន ប្រធានក្រុមការងារបច្ចេកទេសអាចស្នើសុំការ សម្រេចពីប្រធានក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បី៖
– បង្កើតផ្នែកចំណុះមួយចំនួនតាមការចាំបាច់ ដើម្បីទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួល បទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។
– ចាត់តាំងសមាសភាពបន្ថែមទៅក្នុងក្រុមការងារបច្ចេកទេស។

– អញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ អ្នកជំនាញការជាតិ ឬអន្តរជាតិ ដើម្បីពិគ្រោះយោបល់ លើបញ្ហាណាមួយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន។
ប្រការ៤÷បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៥÷នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួនត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *