មានមនុស្សរាប់ម៉ឺននាក់ចូលទស្សនាពន្លាជាតិកម្ពុជានៃពិព័រណ៍ពិភពលោកឆ្នាំ២០២០

ចេញផ្សាយ÷10.10.2021
អារ៉ាប់រួម÷ ពិព័រណ៍ពិភពលោក២០២០ ប្រព្រឹត្តទៅនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។ពិព័រណ៍នេះមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២។ សម្រាប់កម្ពុជា តាមការគ្រោងទុកនឹងរៀបចំប្រារព្ធ ទិវាជាតិកម្ពុជា (Cambodia National Day) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ នឹងមានរៀបចំការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណីខ្មែរ ការបង្ហាញម្ហូបអាហារខ្មែរ ពិធីដង្ហែរក្បូនព្យុហយាត្រា ។ល។ ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែល្បីរន្ទឺថែមទៀតនៅលើឆាកអន្តរជាតិ។
មកដល់ពេលនេះបានឈានចូលដល់សប្តាហ៍ទី២ហើយ ក្រោយពីបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានចាត់ចែង និងរៀបចំតុបតែងពន្លាជាតិកម្ពុជាមួយទំហំ ៣៨៤.៥ ម២ កម្ពស់ ២ជាន់ ចូលរួមក្នុងពិព័រណ៍ពិភពលោកមួយនេះ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា
តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព (Sustainability)” ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ៖ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និងសម័យចតុមុខ (ភ្នំពេញបច្ចុប្បន្ន)។ គួររំលឹកថា ពន្លាជាតិកម្ពុជា ឋិតក្នុងចំណោមពន្លាជាតិជាង ៣០ប្រទេស ត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោកជ្រើសរើសដាក់ឲ្យដំណើរការបើកសាកល្បងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *