ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅសងខាងព្រែកស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាប្រឈមការបាក់ច្រាំងព្រែក ហើយអាចនឹងបំផ្លាញផ្ទះសម្បែង ផលដំណាំរបស់ពួកគាត់ ដោយសារតែភាពអណាធិបតេយ្យនៃការបួមខ្សច់របស់ក្រុមឈ្មួញ។
ប្រជាពលរដ្ឋបានលើឡើងថា អាជីវកម្មបូមខ្សាច់ នៅក្នុងព្រែកស្រែអំបិល សព្វថ្ងៃនេះបង្កភាពអាណាធិបតេយ្យ សម្បើមណាស់ ដោយសារតែពួកគេបានបោះទីតាំងគ្រឿងចក្របូមតាមអំពើចិត្ត ពុំមានការត្រួតពិនិត្យត្រឹមត្រូវពីស្ថាប័នជំនាញ ឬ អាជ្ញាធរនោះឡើយ គឺផ្តើមពីអាណាធិបតេយ្យ នៃការបូមខ្សាច់នោះ ហើយទើបបង្កឲ្យមានការបាក់ស្រុតច្រាំងព្រែកជាបន្តបន្ទាប់ ហើយជិតដល់សសរសផ្ទះប្រជាពលរដ្ឋថែមទៀត។
ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ប្រសិនបើបណ្តោយឲ្យក្រុមអាជីវកម្មបូមខ្សាច់ បន្តបូមដោយអាណាធិបតេយ្យ ដូច្នេះទៀតនោះ ផ្ទះប្រជាពលរដ្ឋ តាមបណ្តោយព្រែកមួយនេះនឹងត្រូវបាក់រលំគ្មានសល់នោះទេ។ ដូច្នេះតើពួកគាត់ត្រូវប្តូរទីតាំងទៅរស់នៅកន្លែងណាវិញ បើពួកគាត់មានតែដីសម្រាប់រស់នៅសព្វថ្ងៃនេះ ប៉ុណ្ណោះ។
តាមប្រភពមព័ត៌មានពីមន្ត្រីជំនាញប្រាប់ថា អាជីវកម្មបូមខ្សាច់នោះគឺជារបស់លោក ឧកញ៉ា លឹម ហេង ដែលបានទិញអាជ្ញាបណ្ណ័ពីក្រុមហ៊ុន LYP របស់លោកឧកញ៉ា លី យុងផាត់។ប៉ុន្តែអ្វើដែលគេដឹងនោះ គឺក្រុមហ៊ុន LYP បានចាត់បញ្ជូនមន្ត្រី PM ម្នាក់ឈ្មោះ លឹម បុក ឲ្យតាមដាននិងត្រួតពិនិត្យមើលរាល់សកម្មភាព បូមខ្សាច់របស់លោកឧកញ៉ា លឹម ហេង ព្រោះខ្លាចប្រើអាជ្ញាបណ្ណ័ខុសពីគោលការណ៍ឬល្មើសពីច្បាប់អនុញាតិ។
ប្រភពដដែលឲ្យដឹងទៀតថា លោក ឧកញ៉ា លឹម ហេង បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ័ពីក្រុមហ៊ុន LYP ហើយនោះគឺគាត់មិនបានគោរពឲ្យបានពេញលេញ តាមគោលការណ៍របស់អាជ្ញាបណ្ណ័ ក្នុងការធ្វើអាជីវកម្មបូមខ្សាច់នោះទេ។ ជាក់ស្តែងគាត់ បានប្រើសាឡង់និងគ្រឿងចក្របូមដោយអាណាធិបតេយ្យ និងមិនខ្វល់ពីការប៉ះពាល់បរិស្ថាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកស្រែអំបិលនោះឡើយ។ករណីដូចពេលនេះប្រជាពលរដ្ឋបានសម្តែងនូវការមិនសប្យាយចិត្ត រួមទាំងការភ័យខ្លាច បាក់ច្រាំងបំផ្លាញផ្ទះពួកគាត់ផងដែរ។ប៉ុន្តែការតវ៉ារបស់ពួកគាត់មិនត្រូវបានលោកឧកញ៉ា លឹម ហេង យកត្រចៀកស្តាប់នោះហើយ ហើយនៅតែបន្តបូមយ៉ាងអាណាធិតេយ្យ បំផុត។
តាមភ្នាក់ងាររាយការណ៍ថា អាជីវកម្មបូមខ្សាច់របស់លោកឧកញ៉ា លឹម ហេង ដែលបង្កការភ័យខ្លាចចំពោះប្រជាពលរដ្ឋនោះគឺជាអាជីវកម្ម នាំខ្សាច់ចេញយកទៅលក់នៅក្រៅប្រទេស រូមមានប្រទេស សឹង្ហបូរី និង ឥណ្ឌា ជាដើម។ដូច្នេះអាចនិយាយថា ក្រុមហ៊ុននេះអាចរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រោះថា តាមការឲ្យដឹងពីមន្ត្រីជំនាញអះអាងថាការ ធ្វើអាជីវកម្មបូមខ្សាច់របស់លោកឧកញ៉ា លឹម ហេង នោះគឺបូមបានប្រមាណ១០ម៉ឺនម៉ែត្រគីប ក្នុងមួយខែៗ សម្រាប់ការនាំចេញ ។
មន្ត្រីជំនាញមួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា តាមពិតក្រុមហ៊ុន LYP បានបញ្ជូនមន្ត្រី PM ថ្នាក់វរសេនីយទោ ម្នាក់ឈ្មោះ លឹម បុក ឲ្យមកត្រួតពិនិត្យ មើលរាល់សកម្មភាពអាជីវកម្មនោះ ព្រោះតែខ្លាចមានការធ្វើអាជីវកម្ម ហួសពីការអនុញាតិពីច្បាប់ ហើយបើធ្វើលើសពីនោះក្រុមហ៊ុន LYP នឹងទទួលខុសត្រូវចំពោះច្បាប់។ ប៉ន្តែគេដឹងថា លោក លឹម បុក ដែលក្រុមហ៊ុន បានឲ្យមកត្រួតពិនិត្យនោះ បានឃុបឃិតជាមួយលោក ឧកញ៉ា លឹម ហេង ហើយបានបណ្តោយឲ្យ ធ្វើអាជីវកម្មតាមអំពើចិត្តមិនគិតដល់គ្រោះថ្នាក់ប្រជាលរដ្ឋ ឬខុសពីគោលការណ៍ច្បាប់ដែលបានអនុញ្ញាតិនោះឡើយ។
ទាក់ទងករណីខាងលើនេះ លោក ប៉ិច ស៊ី យ៉ុន ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តកោះកុង បានបញ្ជាក់ថា កន្លងមកលោក លឹម បុក បានចូលមកបង់លុយជាសួយសារអាករដល់មន្ទីរផងដែរ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា តើសួយសារអាករនោះមានចំនួនប៉ុន្មានឲ្យពិតប្រាកដនោះឡើយ។
ចំណែកលោកប្រធានសាខាគយខេត្តកោះកុង បានប្រាប់អ្នកសារព័ត៌មាន ថាលោកពុំដែលបានទទួលចំណូលពន្ធពីអាជីវកម្មបូមខ្សាច់របស់ឧកញ៉ា លឹម ហេង ម្តងណាឡើយ។
យោងតាមសេចក្តីរាយការណ៍ខាងលើ គេអាចនឹង សន្និដ្ឋានថា ការធ្វើអាជីវកម្មបូមខ្សាច់របស់លោកឧកញ៉ា លឹម ហេង ដោយជ្រកក្រោមអាជ្ញាបណ្ណ័ក្រុមហ៊ុន LYP នោះស្ថិតនៅក្នុងភាពអាថ៌កំបាំងជាច្រើន ឬ អាចនិយាយឲ្យចំថា មានករណីនៃអំពើពុករលួយ៉ាងពិតប្រាកដ ព្រោះថា ក្នុងមួយខែៗខ្សាច់នាំចេញរហូតទៅដល់១០ម៉ឺនម៉ែត្រគីបឯណ្ណោះហេតុអីក៏ខាងគយមិនទទួលបានចំណូលពន្ធពីការនាំចេញខ្សាច់របស់លោកឧកញ៉ា លឹម ហេង នោះ។
យ៉ាងក៏ដោយប្រភពជាច្រើនរាយការណ៍ថា ករណីអាជីវកម្មបូមខ្សាច់របស់លោកឧកញ៉ា លឹម ហេង នេះ បានបង្កប់នូវអំពើពុករលួយ ជាប្រព័ន្ធគ្រាដែលការនាំចេញខ្សាច់ជាច្រើនសន្ធឹកសន្ធាប់នោះ ធ្វើឲ្យរដ្ឋខាតបង់ចំណូលរាប់លានដុល្លារក្នុងមួយខែៗ ហើយលុយនោះត្រូវធ្លាក់ក្នុងដៃឈ្មូញនិង មន្រី្តខិលខូចមួយចំនួនសំខាន់មន្ត្រីជំនាញពាក់ព័ន្ធ ។
ទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋទាមទារឲ្យប្រមុខរាជរដ្ឋានភិបាល ត្រូតពិនិត្យ ជាបន្ទាន់ ចំពោះករណីបូមខ្សាច់ បែបអាណាធិតេយ្យ បន្តការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងមានការឃុបឃិតពុករលួយជាប្រព័ន្ធ បំផ្លាញចំណូលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ៕

