សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន
ចេញផ្សាយ÷22.04.2022

(ភ្នំពេញ)  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោង៧៖៤០នាទីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

ក្រសួងការបរទេស បានឱ្យដឹងនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឡើងតបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤។

កិច្ចប្រជុំកំពូល ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ។

ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជននយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិជាច្រើនរូប សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងដំណើរទៅកាន់ប្រទេសជប៉ុនជាលើកទី២៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលជួបការសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជន ជប៉ុនមួយចំនួនទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងអំឡុងពេលវេទិកាទឹកពិភពលោកលើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិចកូ ប្រទេសម៉ិកស៊ិចកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Ryutaro Hashimoto បានអំពាវនាវឱ្យមានការបង្កើតវេទិកាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក អំពីទស្សនទានស្តីអំពីទឹក។

លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្វះស្វែងបង្កើតឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួបផ្ទាល់ និងពិភាក្សាអំពីបញ្ហាទឹកផងដែរ។ ផ្អែកលើការឯកភាពគ្នានេះ កន្លងមក ចាប់តាំងពីឆ្នាំ ២០០៧ មានកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន៣លើករួចមកហើយ។

លើកទី១ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០០៧ ក្នុងប្រទេសជប៉ុន ក្រោមមូលបទ «សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត», លើកទី២ ធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៣ ក្នុងប្រទេសថៃ ក្រោមមូលបទ «សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក» និងលើកទី៣ ធ្វើឡើងនៅខែមេសា ឆ្នាំ២០១៧ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមមូលបទ «សន្តិសុខទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព»៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *