អាមេរិកមានគម្រោងការនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់

រដ្ឋបាលលោកដូណាល់ ត្រាំបានចេញបទបញ្ជាតឹងរ៉ឹងថ្មីមួយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់​ ខណៈដែលប្រទេសនេះ មានជនអន្តោប្រវេសន៍រហូតដល់១១លាននាក់នោះ ។

បទបញ្ជាថ្មីនេះបានធ្វើឲ្យញាប់ញ័រដល់សហគមន៍ជនអន្តោប្រវេសន៍ទូទាំងអាមេរិកតែម្តង នៅពេលដែលជនអន្តោប្រវេសន៍ទាំងនោះបានចាក់ឫសជ្រៅ បង្កើតក្រុមគ្រួសារ កពូនជាកូនចៅ ហើយភាគច្រើនជាជនអន្តោប្រវេសន៍មកពីមិចស៊ីកូ និងអាហ្វ្រិកកណ្តាល ។

ក្រុមសិទ្ធិមនុស្សបានថ្កោលទោសផែនការខាងលើនេះ និងបានព្រមានថា ការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំនេះធ្វើឲ្យបែកបាក់សង្គមគ្រួសារដែលចាក់ឫសជ្រៅនៅក្នុងទឹកដីអាមេរិក និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ។

ប៉ុន្តែលោក John Kelly រដ្ឋមន្ត្រីសន្តិសុខជាតិ ដែលប្រកាសបទបញ្ជាតាមអនុស្សារណៈចំនួន២នោះបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងអស់នោះហើយជាប្រភពនាំឲ្យឈឺក្បាលដល់រដ្ឋាភិបាល ។ លោកបញ្ជាក់ថា កំណើនជនអន្តោប្រវេសន៍ខុសច្បាប់នៅបន្ទាត់ព្រំដែនភាគខាងត្បូង បានធ្វើឲ្យឈឺក្បាលដល់ភ្នាក់ងារសហព័ន្ធ និងបាត់បង់ធនធាន ព្រមទាំងអាចជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *