រកឃើញសត្វក្តាន់ដ៏កម្រប្រមាណ ៧០ក្បាល នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពខេត្តក្រចេះ

ចេញផ្សាយ÷03.05.2022

ខេត្តក្រចេះ៖ តាមការឱ្យដឹងពីអង្គការWWF នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះថា អ្នកវិទ្យាសាស្ត្របានតាមដានឃើញសត្វក្តាន់ដ៏កម្រចំនួនប្រមាណ ៧០ក្បាល កំពុងរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។

ជារឿងមួយដ៏គួរឱ្យរំភើប បន្ទាប់ពីមានសេចក្តីរាយការណ៍និងមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅកាលពីសប្តាហ៍កន្លងទៅនេះ ដែល។
មន្រ្តីអង្គការ WWF បានបញ្ជាក់ថា កម្មវិធីស្រាវជ្រាវនេះ ត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWFផងដែរ ។ 
ចំពោះការស្រាវជ្រាវនេះជាលទ្ធផលបានបង្ហាញឲ្យឃើញពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនមានប្រមាណ៧០ក្បាលដែលនេះជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។

យ៉ាងណាក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពី ស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខនេះ។ មន្រ្តីអង្គការ WWF បានបញ្ជាក់និងរំលឹកថា សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថា បានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០៦ នៅក្នុងខេត្តក្រចេះ។ ទោះជា  យ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ របស់ព្រានព្រៃ។
កាលពីដើមខែមីនា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា បើកយុទ្ធនាការ «អន្ទាក់-សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា»
ក្នុងគោលដៅលុបបំបាត់ការបរបាញ់ ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់
ដើម្បីជួយសង្រ្គោះសត្វក្តាន់ និងសត្វព្រៃសំខាន់ៗជាច្រើនទៀត៕
ដោយ÷ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *