លោក ពុយ គា ចំណាយពេល១០ឆ្នាំចងក្រងនិពន្ធសៀវភៅ ” អាថ៌កំបាំងក្រៅឆាក “ដោយបានលាតត្រដាងពីរឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក

ចេញផ្សាយ: 29.07.2022
ភ្នំពេញ៖ លោក ពុយគា អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានចំណាយពេល១០ឆ្នាំ ដើម្បីចងក្រងសៀវភៅថ្មីមួយដែលមានចំណងជើងថា “អាថ៌កំបាំងក្រៅឆាក” ដោយបានលាតត្រដាងពីរឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក។ សៀវភៅនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអានបន្ទាប់ពីបានបោះពុម្ពផ្សាយរួច។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្នាដៃនិពន្ធរបស់ខ្លួន នារសៀលថ្ងៃសុក្រនេះ លោក ពុយ គា បានលើកឡើហថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង ដែលមានលក្ខណៈពិសេស និងខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។ ចំណុចដែលប្លែកនោះគឺចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។ 
លោក ពុយ គា បានថ្លែងថា៖ “មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម”។
ជាមួយនេះលោកបានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីរបស់លោកនេះក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងយ៉ាងប្រាកដផងដែរ។
លោក ពុយ គា ក៏បានសម្តែងក្តីរីករាយ ដោយលោកបានអះអាងថាសៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់អស់ក្នុងរយៈពេល១សប្តាហ៍។ លោកនឹងបោះពុម្ពឲ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អ្នកអាននិងសាធារណជន។
យ៉ាងណា សៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក” ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះលោក ពុយ គា ក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលមានសម្តេចតេជោ ហ៊ិន សែន ជាប្រមុខផងដែរ៕
ដោយ÷ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *