សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃខាងមុខនេះ

ចេញផ្សាយ÷09.08.2022
ភ្នំពេញ៖  សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹង ក្នុងថ្ងៃទី០៩.០៨.២០២២ នេះ។
វត្ថុទាំងនេះ ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូស ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៉ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាម នូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។

សេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ «ព្រះស្កន្ទគង់លើក្ងោក» និង «ព្រះគណេស» ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេ អតីតរាជធានីនៃអា

ណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងសម័យសង្គ្រាម។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះ នៅទីក្រុងញូវយ៉ក។ ក្រសួងវប្បធម៌ កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា «យើងពិតជាសេចក្តីរំភើបទទួលស្វាគមន៍ នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។

លោកស្រីបានបន្ថែមថា ការបញ្ជូនមកវិញនេះគឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខគួរឲ្យសោកស្តាយ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *