លោក សេង ទៀង ជំនួយការសម្ដេចតេជោ នាំយកអំណោយមួយចំនួនធំផ្ដល់ជូនគ្រួសារកូនភ្លោះបីនាក់នៅក្រុងសិរីសោភ័ណ

ចេញផ្សាយ÷15.08.2022

បន្ទាយមានជ័យ÷ អំណោយរួមមាន ទឹកដោះគោ​កូនក្មេង ២​កេស អង្ករ​១​បាវទម្ងន់ ៥០​គីឡូក្រាម ថវិកា ៥.០០០.០០០ រៀល ស្ករសទម្ងន់ ៥​គីឡូក្រាម សារុង​២ ក្រមា​២​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន បានយកទៅ​ផ្តល់ឲ្យផ្ទាល់ដៃដល់គ្រួសារ​ក្រីក្រជា បុគ្គលិក កម្មករ​ក្រុមហ៊ុន រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៥ ជិត​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ស្ថិត​ក្នង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០២២ ម្សិលមិញនេះ។​
​ក្នុង​ពិធី​នោះ ក៏មាន​ការចូលរួម​ពី លោកថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រធាន​ក្រុមការងារ​ខេត្ត ចុះជួយ​សង្កាត់​ព្រះ​ពន្លា ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត លោកចៅសង្កាត់ព្រះ​ពន្លា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រះ​ពន្លា ជាច្រើន​នាក់​ទៀត​ផងដែរ។​
លោកចៅសង្កាត់ព្រះពន្លាបានរាយការណ៍ឲ្យដឹងថា ឪពុកកូនភ្លោះ៣នោះ មានឈ្មោះ ចាន់​សុភាព ជា​បុគ្គលិក របស់​ក្រុមហ៊ុន​ឯកជន​មួយ ម្តាយ​មានឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរ សព្វថ្ងៃ ជា​មេផ្ទះ។ គាត់​មានកូន ៤​នាក់ កូន​ទី​១ ប្រុស សព្វថ្ងៃ មាន​អាយុ ២​ឆ្នាំ ២​ខែ​។ រីឯ​កូនភ្លោះ​ស្រី​ទាំង ៣ កូនស្រី​ទី​១ ឈ្មោះ ឡាង សុ​ដា​លី ទម្ងន់ ១,៦ គីឡូ កូនស្រី​ទី​២ ឈ្មោះ ឡាង សុ​ដាលីន ទម្ងន់ ១,៥ គីឡូក្រាម កូនស្រី​ទី​៣ ឈ្មោះ ឡាង សុ​ដា​លី​ស ទម្ងន់ ១,៦ គីឡូក្រាម បច្ចុប្បន្ន រស់នៅ បន្ទប់​របស់​កក្រុមហ៊ុន។​
កូនស្រី​ភ្លោះទាំង ៣ នាក់នេះកើត​នៅ​ថ្ងៃទី ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៣និង៣០ នាទីរសៀល ដោយ​ធ្វើការ​វះកាត់​នៅក្នុង​មន្ទីរពេទ្យ គន្ធបុប្ផា (​ជ័យ​វរ្ម័នទី​៧) ខេត្តសៀមរាប ។​
​ក្នុងឱកាស​នោះ លោក សេង ទៀង បាន​បញ្ជាក់ឱ្យដឹងដែរថានេះជាចៅទី ៣៨៩ របស់សម្ដេចតេជោហើយ។ ជាមួយនេះលោកសេងទៀងក៏បាននាំយកនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពីស​ម្តេច​ទាំងពីរ ជូន​ដល់​ក្រុមគ្រួសារ កូនភ្លោះ​ស្រី​៣ ក្នុងនោះ លោក​បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ ថែ​ទាំង​កូនភ្លោះ ទាំង​៣​នេះ ដែលជា​ចៅ​ធម៌​របស់ សម្តេច​ឱ្យបាន​ល្អ។ ដែល​នេះ​ជា​កូនភ្លោះ​៣ ចៅ​សម្តេច លើក​ទី​៣៨៩ គ្រួសារ​ផងដែរ​។​
ក្រុមគ្រួសារ មានកូន​ភ្លោះ​៣ បាន​បង្ហាញ​អំពី ទឹកចិត្ត​រំភើប​រីករាយ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុតចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យកចិត្ត​ទុក ឈឺឆ្អាល​នឹង​ជីវភាព​ប្រជាពលរដ្ឋ និង​តែងតែ​ឧបត្ថម្ភ​ជួយ​ដល់ ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ជា​បន្តបន្ទាប់​។ ក្រុមគ្រួសារសូមប្រសិទ្ធពរជ័យជូនសម្ដេចទាំងពីរជួបនូវសេចក្តីសុខ សេចក្តីចំរើនឈ្នះអស់មារសត្រូវនិងដឹកនាំប្រទេសកាន់តែរីកចម្រើននិងជោគជ័យជាបន្តទៀត៕
ដោយ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *