មីយ៉ាន់ម៉ា សម្រេចដោះលែងអ្នកទោសទ្រង់ទ្រាយធំ

មីយ៉ាន់ម៉ា៖ នាពេលថ្មីៗនេះប្រទេសមីយ៉ាន់ម៉ាបានសម្រេចដោះលែងអ្នកទោសទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពនេះធ្វើឲ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាបេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានប្រកាសស្វាគមន៍ដោយជំនឿកក់ក្តៅក្រៃលែង។

នៅក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បេសកជនពិសេសចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា ជា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ដូច្នេះ «នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១»។

ក្នុងសេចក្តីថ្លែងការណ៍នេះ លោក ប្រាក់ សុខុន ប្រកាសធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណតិ្តជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឱ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

លោក ប្រាក់ សុខុន សង្ឃឹមថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *