ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។ នៅពេលនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីយុទ្ធសាស្ត្ររបស់សម្តេច ក្នុងការបើកឱកាសឱ្យវិនិយោគិននៅក្រៅប្រទេស ដោយសម្តេចបានបញ្ជាក់ថា ត្រីណាមកមុន សម្តេចនឹងចាប់ទទួលទានមុន ដោយមិនរង់ចាំត្រីធំ ឬត្រីតូចទេ។
សម្តេចលើកឡើងថា ក្រុមហ៊ុនទុកចិត្តរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តលើក្រុមហ៊ុន។ កម្មករទុកចិត្តលើក្រុមហ៊ុន និងរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល និងក្រុមហ៊ុនទុកចិត្តលើកម្មករ។ ទាំងនេះហើយជាចំណុចពិសេស នៃការរីកលូតលាស់មិនត្រឹមតែមីនីបៀប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាបញ្ហានៃទិដ្ឋភាពរួម នៃការវិនិយោគទូទៅផងដែរ ។
«ខ្ញុំធ្លាប់បាននិយាយហើយថា ត្រីណាមកមុន គឺចាប់ស៊ីមុន មិនចាំបាច់រង់ចាំត្រីធំ ឬត្រីតូចនោះទេ ព្រោះកម្ពុជាស្ថិតក្នុងស្ថានភាពដែលខ្វះខាត ហើយត្រូវការការវិនិយោគមួយដែលជាក់លាក់»។
ចំពោញមតិយោបល់របស់ក្រុមហ៊ុនផ្សេង ដែលចង់ទទួលបានសិទ្ធិវិនិយោគផ្តាច់មុខទៅលើទំនិញមួយចំនួន ហើយរិះគន់ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនតូច។ សម្តេចបានតបទៅវិញថា ត្រីណាមកមុន គឺសម្តេចទទួលទានមុន ដោយមិនចាំបាច់រង់ចាំត្រីធំទេ។ ដូច្នេះប្រសិនបើសម្តេចបំពានលើក្រុមហ៊ុនមីនេបៀ តាមរយៈការលុបកិច្ចសន្យាដោយសារជាក្រុមហ៊ុនវិនិយោគខ្នាតតូចបាន នោះសម្តេចក៏អាចបំពានលើក្រុមហ៊ុនរបស់ពួកគេបានដែរ ៕
ប្រសើរ