សៀមរាប៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនចូលរួមផងដែរ។
នាឱកាសនោះដែរ លោក ទៀ សីហា បានលើកឡើងថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» អាជ្ញាធរខេត្តនាពេលនេះ ក្នុងការត្រួតពិនិត្យទៅលើរាល់គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត២០២៣ ឱ្យដំណើរការទៅទទួលដោយជោគជ័យ។
លោក ទៀ សីហា បានបន្តថា «កិច្ចការទាំងនេះ យើងបានទទួលបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផងដែរ»។
លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីប្រទេសយើងមានភាពធូស្រាលពីជំងឺកូវីដ១៩ និងការបើកប្រទេសឱ្យដំណើរការឡើងវិញ ក្នុងគោលដៅស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិនោះ គឺវិស័យវិស័យទេសចរណ៍នៅកម្ពុជា ហើយក៏មិនធ្វេសប្រហែសនោះដែរ គឺត្រូវបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» នៅគ្រប់វិនាទី។ ដោយឡែកគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និងវិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និងចំណតរថយន្តគ្រប់ប្រភេទទៀតផង។
ជាមួយនេះដែរ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ។ ការប្រារព្ធអង្គរសង្រ្កាន្ត បន្ទាប់ពីមានភាពធូស្រាលពីជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសហភាពសហព័ន្ធ យុវជនកម្ពុជា រៀបចំអង្គរសង្រ្កាន្តសាជាថ្មី និងស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន និងមហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឱ្យមានភាពរស់រវើកនៃសម្បត្តិបេតិកភណ្ឌអរូបិយរបស់ខ្មែរ៕
ប្រសើរ