លោក Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអំពាវនាវដល់ភាគីកូរ៉េខាងជើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ឲ្យ គោរពច្បាប់របស់ប្រទេសម៉ាឡេស៊ីផង ទាក់ទឹនការស្រាវជ្រាវលើករណីឃាតកម្ម លោកគីម ជុងណាម ។
ឧបនាយករដ្ឋមន្ត្រី Ahmad Zahid បានបញ្ចាក់ថា កូរ៉េខាងជើងមិនត្រូវមានការសង្ស័យទៅលើការស្រាវជ្រាវ ដែលប៉ូលិសម៉ាឡេស៊ីកំពុងតែអនុវត្តនោះ។ លោកបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «យើងគោរពដល់ទំនៀបទម្លាប់ និងផលប្រយោជន៍របស់បុគ្គលនីមួយៗ ហើយគោរពទៅតាមច្បាប់ការបរទេស ក៏ដូចដំណើរការតាមនិតិវិធីអន្តរជាតិផងដែរ » ។
ប្រភពបញ្ជាក់ទៀតថា «យើងក៏នឹងគោរពច្បាប់របស់ប្រទេសដទៃទៀតប្រសិនបើពួកគេឃើញពលរដ្ឋម៉ាឡេស៊ី ចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ របស់ប្រទេសនោះ។ ពេលនេះយើងបានប្រគល់តួនាទីនោះទៅឲ្យកម្លាំងប៉ូលិស ហើយបើមានភស្តុតាង ច្បាស់លាស យើងនឹងកោះហៅអ្នកដែលពាក់ព័ន្ធឡើងទៅកាន់តុលាការ» ។ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែកុម្ភៈ បានចោទប្រកាន់រដ្ឋាភិបាលម៉ាឡេស៊ី ថាបានធ្វើសកម្មភាពបំពានច្បាប់អន្តរជាតិ ក្នុងនោះមានទំនាក់ទំនងការបរទេស ។
រដ្ឋទូតកូរ៉េខាងជើង ក៏បានចោទប្រកាន់ម៉ាឡេស៊ី ថាមានគោលដៅនយោបាយ បម្រើឲ្យប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើង។ សូមបញ្ជាក់ថា មកទល់ពេលនេះការត្រួតពិនិត្យសាកសពមិនទាន់រួចរាលនៅឡើយដោយសារតែមិនទាន់ទទួលបានDNAពីសាចញាតិលោកគីម ជុងណាម ដែលជាបងប្រុសឪពុកតែមួយ ម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនោះ ៕


