រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលាលែងពីតំណែង

ប្រភពព័ត៌មានស៊ីអិនអិនបានផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា រដ្ឋមន្ត្រីការបរទេសប្រទេសប្រេស៊ីលបានដាក់លិខិតសុំលាលែងពីតំណែងជារដ្ឋមន្ត្រីនោះហើយ ដោយសារតែមូលហេតុសុខភាព និងម្យ៉ាងវិញទៀត ការព្យាបាលជំងឺនាពេលបន្តបន្ទាប់ទៅទៀត ក៏ជាហេតុផលចម្បងផងដែរក្នុងការលាលែងពីតំណែងនោះ ។

នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតីប្រេស៊ីល Michel Temer នោះ លោករដ្ឋមន្ត្រីការបរទេស Jose Serra បានសរសេរថា មានការសោកស្តាយខ្លាំងណាស់ចំពោះការចុះចេញពីតួនាទីនេះ ពីព្រោះបើតាមលោកវេជ្ជៈបណ្ឌិតបានប្រាប់ថា ជំងឺរបស់លោកត្រូវតែសម្រាក និងតាមដានព្យាបាលជាប្រចាំរយៈពេល៤ខែ ទើបវាបានល្អប្រសើរឡើងវិញ ។

ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសប្រេស៊ីល Agencia បានរាយការណ៍ថា លិខិតសុំលាលែងបានប្រគល់ជូនដល់ដៃលោកប្រធានាធិបតី Temer រួចហើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ។

លោករដ្ឋមន្ត្រីការបរទេស Serra អាយុ៧៤ឆ្នាំ បានចូលកាន់តំណែងរយៈពេលជាង១ឆ្នាំ ។ លោកបានចូលកាន់តំណែងនេះ បន្ទាប់ពីលោកស្រី Dilma Rousseff អតីតប្រធានាធិបតីត្រូវបានផ្អាកពីតួនាទី និងបណ្តេញចេញពីតំណែងក្នុងខែសីហា ឆ្នាំ២០១៦ ក្រោយការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ។

លោក Serra បានចាប់អាជីពនយោបាយនៅក្នុងឆ្នាំ១៩៩៥ ពេលដែលលោកបានតួនាទីជារដ្ឋមន្ត្រីក្រសួងផែនការ ក្រោមអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី Fernando Henrique Cardoso ។ លោកជាសមាជិកព្រឹទ្ធសភា និងជាអភិបាលនៃគណៈអភិបាលក្រុង Sao Paulo ផងដែរ ។

ក្នុងឆ្នាំ២០១០ លោកបានឈរឈ្មោះជាប្រធានាធិបតី ប៉ុន្តែបានចាញ់ឆ្នោតលោកស្រី Rousseff ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីស្រីដំបូងគេបំផុតនៅប្រទេសប្រេស៊ីល ។

គេនៅមិនទាន់ដឹងនៅឡើយថា តើនរណាមួយ នឹងត្រូវជំនួសតំណែងរដ្ឋមន្ត្រីការបរទេសប្រេស៊ីលរបស់លោក Serra នោះទេ ៕

លោករដ្ឋមន្ត្រីការបរទេស ប្រេស៊ីល Jose Serra

Leave a Reply

Your email address will not be published. Required fields are marked *