ម៉ាឡេស៊ីរកឃើញថា ឃាតកប្រើសារធាតុអាវុធមហាប្រល័យសម្លាប់លោកគីម ជុងណាម

រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ការស្លាប់របស់លោកគីម ជុងណាម បងប្រុងឪពុកតែមួយ ម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះ ឃាតកបានប្រើប្រាស់សារធាតុអាវុធមហាប្រល័យលោក (VX nerve agent) ។

លោក គីម ជុងណាម បានស្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីស្ត្រី២នាក់បានដើរមកកៀកកិតជាមួយលោក អំឡុងឆ្លងកាត់ទីត្រួតពិនិត្យក្នុងអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ ។

ក្រុមវិសសាស្ត្រ ឬវិទ្យាស្ថាននៃជាតិពុលម៉ាឡេស៊ីបានបញ្ជាក់ថា លោក ជុងណាម ត្រូវបានឃាតកសម្លាប់ ដោយប្រើប្រាស់សារធាតុ VX nerve agent ដែលសារធាតុនេះ ត្រូវអង្គការសហប្រជាជាតិចាត់បញ្ចូលនៅក្នុងអាវុធមហាប្រល័យនោះ ។

ពាក្យចរចាមអារ៉ាមបានរាលដាលសង្ស័យថា កូរ៉េខាងជើងជាអ្នកទទួលខុសត្រូវនៅក្នុងការវាយប្រហារខាងលើនេះ ប៉ុន្តែត្រូវបានទីក្រុងព្យុងយ៉ាងបដិសេធយ៉ាងដាច់អហង្កា ។ កូរ៉េខាងជើងបានប្រឆាំងយ៉ាងខ្លាំងទៅលើលទ្ធផលស៊ើបអង្កេតរបស់ម៉ាឡេស៊ីនៅកន្លែងកើតហេតុនោះ និងបានចោទប្រកាន់ម៉ាឡេស៊ីថា មានគោលដៅគួរឲ្យខ្លាចក្រៃលែង ។

លោកគីម ជុងណាម កូនប្រុសច្បងរបស់អតីតមេដឹកនាំគីម ជុងអ៊ីល ជាមនុស្សដើរហើរសេរី និងមានចំណេះដឹងច្រើនភាសា ។ លោកត្រូវបានពិចារណាថា ជាអនាគតមេដឹកនាំរបស់កូរ៉េខាងជើង ។ លោក គីម ជុងណាម បានរស់នៅបរទេសជាច្រើនឆ្នាំ និងជាបុគ្គលដែលមិនពេញចិត្តចំពោះគីម ជុងអ៊ុនផងនោះទេ ។

ហេតុអ្វីបានជាលោក គីម ជុងណាម ស្លាប់?

រូបភាពផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍ CCTV ឲ្យឃើញថា ស្ត្រីម្នាក់បានទៅប៉ះលោក ជុងណាម និងបានគ្រវែងអ្វីម្យ៉ាងទៅលើមុខរបស់គាត់ ។ ភ្លាមនោះ លោក ជុងណាម បានទៅស្វែងរកជំនួយបន្ទាន់ពីគ្រូពេទ្យក្នុងអាកាសយានដ្ឋាន ដោយបានបញ្ជាក់ថា មាននរណាម្នាក់បានជះមកលើមុខលោកជាមួយវត្ថុរាវ ។ លោក ជុងណាម បានប្រកាច់ និងបានបាត់បង់ជីវិត ខណៈនៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

តើនរណាជាឃាតក?

ម៉ាឡេស៊ីបានអះអាងថា ខ្លួនជឿជាក់ថា ក្រុមភ្នាក់ងារកូរ៉េខាងជើងជាឃាតកសម្លាប់លោកជុងណាម ។ ជនសង្ស័យ៤នាក់កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ក្នុងនោះមានរួមបញ្ចូលជនជាតិកូរ៉េខាងជើងម្នាក់ និងស្ត្រី២នាក់ដែលទៅប៉ះលោក គីម ជុងណាម នៅក្នុងអាកាសយានដ្ឋាន ។ ជនជាតិកូរ៉េខាងជើង៧នាក់ទៀត ក្នុងនោះមានមន្ត្រីទូតមួយរូបផងដែរ កំពុងស្ថិតក្រោមការសង្ស័យ ។

លោកគីម ជុងអ៊ុន បានបាត់បង់ជីវិតនៅតាមផ្លូវឆ្ពោះទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីលោកទៅកាន់អាកាសយានដ្ឋាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ សាកសពរបស់លោក កំពុងស្ថិតនៅក្នុងសាលដាក់សាកសពក្នុងមន្ទីរពេទ្យមួយ ខណៈដែលជម្លោះការទូតកំពុងផ្ទុះឡើងថា តើភាគីណាមួយគួរទទួលយកសាកសពនោះ ។

ស្នងការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា នាយកដ្ឋានគីមីសាស្ត្រម៉ាឡេស៊ីបានរកឃើញសារធាតុគីមី (VX nerve agent) នៅក្នុងគ្រាប់ភ្នែក និងមុខរបស់លោកគីម ជុងណាម ។ លោកបានបន្តថា ភស្តុតាងច្រើនទៀតបាននិងកំពុងធ្វើវិភាគ ហើយប៉ូលិសនឹងបើកស្រាវជ្រាវថា តើសារធាតុនេះចូលមកម៉ាឡេស៊ីបានដោយវិធីណា ។ លោកបញ្ជាក់ថា ប្រសិនបើសារធាតុនេះមានចំនួនតិចតួចចូលមកម៉ាឡេស៊ីនោះ វានឹងធ្វើឲ្យលំបាកនៅក្នុងការស្រាវជ្រាវផងដែរ ។

ស្ត្រីម្នាក់ក្នុងចំណោម២នាក់សង្ស័យថា ជាឃាតកសម្លាប់លោកគីម ជុងណាម នៅអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរនោះ បានលេចចេញរោគសញ្ញា និងក្អួតចង្អោរ ។

លោកស្នងការប៉ូលិសម៉ាឡេស៊ីបញ្ជាក់ថា ទីតាំងអាកាសយានដ្ឋាន និងទីតាំងដែលមានការសង្ស័យថាមានសារធាតុគីមីនោះ ត្រូវបានបញ្ចប់ការបោសសម្អាតរួចរាល់អស់ហើយ ។

លោក Bruce Bennett អ្នកជំនាញផ្នែកអាវុធនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ សារជីវកម្ម Rand បានប្រាប់ភ្នាក់ងារប៊ីប៊ីស៊ីថា ទំនងជាសារធាតុគីមីតិចតួចប៉ុណ្ណោះត្រូវគេយកមកដើម្បីសម្លាប់លោកគីម ជុងណាម ។ សារធាតុនេះបានធ្វើឲ្យប៉ះពាល់ភ្លាមដល់សរសៃប្រសាទ មុនដំបូងញ័រញាក់ បន្ទាប់មកស្លាប់ក្នុងមួយនាទី​។

ស្នងការប៉ូលិសម៉ាឡេស៊ីបានថ្លែងថា តាមពិតស្រ្តីដែលទៅប៉ះលោកគីម ជុងណាម ភ្លាមៗនោះបានទៅលាងដៃ ដែលនេះបង្ហាញឲ្យឃើញថា នាងបានដឹងយ៉ាងច្បាស់ថា បានកាន់ជាតិពុល ។

លោក គីម ជុងណាម បានកាន់លិខិតឆ្លងដែនដោយប្រើឈ្មោះ Kim Chol ។ កូរ៉េខាងជើងនៅមិនទាន់បញ្ជាក់ថា អ្នកដែលស្លាប់នេះគឺពិតជាលោកគីម ជុងណាម នៅឡើយទេ ។

ជាលើកដំបូងដែលកូរ៉េខាងជើងបាននិយាយទាក់ទងដល់ករណីឃាតកម្មនេះតាមរយៈទីភ្នាក់ងារព័ត៌មាននោះ ទីក្រុងព្យុងយ៉ាងអះអាងថា ម៉ាឡេស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ពលរដ្ឋកូរ៉េខាងជើងមួយរូប និងថា ម៉ាឡេស៊ីបានបង្វែរទៅជារឿងនយោបាយក្នុងការបញ្ជូនសាកសពនេះទៅវិញ និងថា ជារឿងមិនសមទំនង ដែលទទូចឲ្យពិនិត្យ DNA ដើម្បីបញ្ជាក់ថា ជាសាច់ញាតិក្រុមគ្រួសារសពសិន មុនពេលយល់ព្រមប្រគល់សាកសពនោះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *