ក្តីសង្ឃឹមថា មានជំនួបកំពូលរវាងអាមេរិក នឹងកូរ៉េខាងជើង ត្រូវរលាយសាបសូន្យ

ក្តីសង្ឃឹមថា ក្រោមរដ្ឋបាលរបស់លោកដូណាល់ ត្រាំ អាមេរិក និងកូរ៉េខាងជើង នឹងមានជំនួបមន្ត្រីថ្នាក់ខ្ពស់កើតឡើងនោះ ពេលនេះបានរលាយសាបសូន្យទៅវិញ ក្រោយពេលដែលអាមេរិកបដិេសធផ្តល់ទិដ្ឋាការជូនមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងចូលទឹកដីអាមេរិក ។

ទីភ្នាក់ងារព័ត៌មាន the Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្រសួងការបរទេសអាមេរិកបានបដិេសធផ្តល់ទិដ្ឋាការជូនមន្ត្រីជាន់ខ្ពស់របស់ទីក្រុងព្យុងយ៉ាងដើម្បីចូលទៅកាន់ទឹកដីអាមេរិកជួបពិភាក្សានោះឡើយ ។

ជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកូរ៉េខាងជើង Choe Son Hui នឹងអតីតមន្ត្រីជាន់ខ្ពស់អាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក ទឹកដីអាមេរិក ប៉ុន្តែត្រូវបានលុបចោល ក្រោយពីប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង Choe Son Hui ពុំទទួលបានទិដ្ឋាការ ។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន Journal ។

សេចក្តីរាយការណ៍នេះបន្តទៀតថា គេមិនទាន់ដឹងច្បាស់ថា តើមូលហេតុអ្វីដែលនាំឲ្យមានក្រសួងការបរទេសអាមេរិកបដិសេធផ្តល់ទិដ្ឋាការនោះឡើយ ប៉ុន្តែការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧របស់កូរ៉េខាងជើង និងការធ្វើឃាតបងប្រុសមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នៅក្នុងប្រទេសម៉ាឡេស៊ីនោះ ទំនងជាមូលហេតុនាំឲ្យអាមេរិកសម្រេចចិត្តធ្វើបែបនេះហើយ ។

មន្ត្រីកូរ៉េខាងត្បូង និងអាមេរិក សុទ្ធតែមានជំនឿជឿជាក់ថា ភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើងគឺជាឃាតកសម្លាប់លោក គីម ជុងណាម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ។

មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបានច្រានចោលនូវអ្វីដែលហៅថា គម្រោងជួបពិភាក្សាដំណាក់២ ដែលគ្រោងធ្វើឡើងនោះ ។ រដ្ឋាភិបាលអាមេរិកមិនមានគម្រោងពិភាក្សាដំណាក់ទី២នៅក្នុងទីក្រុងញូវយ៉កនោះទេ ។ មន្ត្រីដដែលនេះបានបដិេសធធ្វើអត្ថាធិប្បាយករណីផ្តល់ទិដ្ឋាការនោះ ។

កូរ៉េខាងជើង និងអាមេរិកបានជួបប្រជុំពិភាក្សាលើកដំបូងនៅទីក្រុងញូវយ៉កកាលពីឆ្នាំ២០១១ ហើយរហូតមកដល់អាណត្តិដឹកនាំដោយលោកដូណាល់ ត្រាំ កូរ៉េខាងជើង និងអាមេរិកមានគម្រោងជួបគ្នាពិភាក្សាម្តងទៀត ។

Choe Son Hui មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក-កូរ៉េខាងជើងនោះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានជួបក្រៅផ្លូវការនៅទីក្រុងហ្សឺហែវជាមួយអតីតមន្ត្រីជាន់ខ្ពស់អាមេរិកផងដែរ ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកដូណាល់ ត្រាំ បានថ្លែងថា លោកមានការព្រួយបារម្ភចំពោះការបាញ់សាកល្បីងមីស៊ីលរបស់កូរ៉េខាងជើង និងថា វាជាគ្រោះថ្នាក់បំផុត ។ លោកត្រាំ ក៏មិនបានកំណត់ថា មិនជួបជាមួយលោកគីម ជុងអ៊ុននោះឡើយនៅពេលអនាគត ផ្អែកទៅតាមកាលៈទេសៈជាក់លាក់ ប៉ុន្តែវាទំនងជានៅពេលយូរបន្តទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *