មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាមួយរូប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានថ្លែងថា តុលាការយោធាមីយ៉ាន់ម៉ាបានដាក់គុកមន្ត្រីប៉ូលិសជាន់ខ្ពស់៣នាក់ ដោយសារតែធ្វេសប្រហែសក្នុងភារកិច្ច តួនាទីរបស់ខ្លួន និងក្រោយពីក្រុមជនជាតិរ៉ូហ៊ីនយ៉ាបានលុកលុយប៉ុស្តិ៍ការពារព្រំដែនចំនួន៣កាលពីខែតុលា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់ប៉ូលីស៩នាក់ ។
ក្រុមជនភាគតិចរ៉ូហ៊ីនយ៉ារាប់រយនាក់ មកពីក្រុមកុលសម្ព័ន្ធមូស្លីម ហើយដែលក្រុមអ្នកកាន់សាសនាព្រះពុទ្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាត់ទុកថា ជាក្រុមអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសជិតខាងបង់ក្លាដែសនោះបានវាយប្រហារទៅលើកងសន្តិសុខយាមល្បាតនៅប៉ុស្តិ៍ព្រំដែនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។ ក្រុមជនវាយប្រហារទាំងនេះភាគច្រើនប្រើដំបងធ្វើជាអាវុធ ។
ការវាយប្រហារខាងលើនេះឯងហើយ ជាមូលហេតុនាំឲ្យមានការបង្ក្រាបទៅលើក្រុមកុលសម្ព័ន្ធនោះ និងធ្វើឲ្យមនុស្សប្រមាណ៧០.០០០នាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅកាន់បង់ក្លាដែស ។
ថ្លែងទៅកាន់ទីភ្នាក់ងាររ៉យទ័រ មន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ាមួយរូបបានថ្លែងថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីឲ្យដឹងថា តើក្រុមបះបោរដែលពុំទទួលបានការហ្វឹកហាត់ និងអាវុធគ្រប់គ្រាន់នោះ អាចឡោមព័ទ្ធវាយប្រហាររហូតទទួលបានជោគជ័យមកលើកងកម្លាំងសន្តិសុខដោយវិធីណា ។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកឧទ្ទាមដែលលួចយកអាវុធ និងគ្រាប់រំសេវនៅក្នុងការវាយឆ្មក់នោះ មានទំនាក់ទំនងជាមួយក្រុមអិស្លាមជ្រុលនិយមបរទេស ។
លោក Ye Naing មន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា តុលាការបានកាត់ទោសមន្ត្រីជាន់ខ្ពស់៣រូប ដែលប្រចាំការនៅព្រំប្រទល់ទីប្រជុំជន Maungdaw ក្នុងម្នាក់ៗជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ។ ពួកគេត្រូវដាក់គុកដោយសារតែធ្វេសប្រហែសនៅក្នុងបញ្ហាសន្តិសុខអំឡុងពេលវាយប្រហារថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។ លោក Ye Naing មិនបានលាតត្រដាងលំអិតអំពីការកាត់ទោសមន្ត្រីទាំងនេះ ឬទាក់ទងការស៊ើបអង្កេតនោះឡើយ ។ មន្ត្រីជាន់ខ្ពស់ច្រើនរូបទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ក្រុមកុលសម្ព័ន្ធមូស្លីមភាគតិចរ៉ូហ៊ីនយ៉ាប្រមាណ១.១លាននាក់បានបំបែកគ្នារស់នៅតាមតំបន់ៗ ស្ថិតនៅភាគពាយព្យនៃប្រទេសមីិយ៉ាន់ម៉ា ។ កូលសម្ព័ន្ធនេះត្រូវបដិសេធមិនឲ្យចូលសញ្ជាតិមីយ៉ាន់ម៉ានោះឡើយ ។
អង្គការសហប្រជាជាតិមានឯកសារបញ្ជាក់ថា មានអំពើសម្លាប់រង្គាល និងរំលោភបំពានផ្លូវភេទអំឡុងពេលកងកម្លាំងសន្តិសុខបង្ក្រាបទៅលើក្រុមកុលសម្ព័ន្ធរ៉ូហ៊ីនយ៉ា និងថា មានអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ ។ មិនទាន់មានមន្ត្រីជាន់ខ្ពស់ណាមួយរូបទទួលខុសត្រូវចំពោះការចោទប្រកាន់នេះនៅឡើយទេ ។
រដ្ឋាភិបាលស៊ីវិលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុង សានស៊ូជី បានច្រាន់ចោលម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ ភាគច្រើនប្រឆាំងទៅលើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ អំឡុងពេលគេកំពុងធ្វើប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាម ដែលចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០១៦នោះ ៕
