ភ្លើងឆេះសណ្ឋាគារភាគខាងកើតប្រទេសចិនស្លាប់មនុស្ស១០នាក់

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា មន្ត្រីពន្លត់អគ្គីភ័យបានបញ្ជាក់ថា មនុស្សយ៉ាងតិច១០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ស្ថិតនៅទីក្រុង Nanchang រដ្ឋធានីភាគខាងកើតនៃខេត្ត Jiangxi របស់ប្រទេសចិន ។

ប្រភពបន្តថា អគ្គីភ័យចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក ម៉ោងនៅក្នុងតំបន់ ឆាបឆេះទៅលើសណ្ឋាគារ HNA Platinum Mix Hotel ស្ថិតក្នុងសង្កាត់ Hongguta ។ អគ្គីភ័យបានបន្តឆេះរហូតដល់ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំដដែល ។ កម្មករសំណង់ជាង១០នាក់បាននិងកំពុងធ្វើការស្ថិតនៅជាន់ទី២នៃអគារអំឡុងពេលដែលហេតុការណ៍អគ្គីភ័យកើតឡើង ។

ភ្នាក់ងារពន្លត់អគ្គីភ័យបានរកឃើញសាកសព៧នាក់នៅក្រោមគំនរបាក់បែក និង៣នាក់ផ្សេងទៀតក្នុងចំណោម១៦នាក់ដែលបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយបើទោះជាការខិតខំសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចជួយជីិវិតពួកគេបានឡើយ ធ្វើឲ្យអ្នកបាត់បង់ជីវិតកើនដល់១០នាក់ ។

អគារកម្ពស់៤ជាន់ ចែកជា អាផាត់មេនមាន២៤អាផាត់មេន ហើយមនុស្ស២៦០នាក់ត្រូវជម្លៀសបន្ទាន់ ។

មនុស្ស៧នាក់ទាក់ទងករណីខាងលើនេះត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងរបស់សមត្ថកិច្ច ។

លទ្ធផលស៊ើបអង្កេតបឋមបញ្ជាក់ថា អគ្គីភ័យកើតឡើងដោយសារមូលហេតុកាត់ផ្តាច់សម្ភារតែងលម្អ ។ ប៉ុន្តែទោះយ៉ាងណា ការស៊ើបអង្កេតបន្ថែមនៅតែបន្តធ្វើឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *